អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងចេញពីវេបសាយរបស់វិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ នេះ ៖ សាធារណជន បង្ហាញការព្រួយបារម្ភជាថ្មីទៀត នៅគ្រាមានព័ត៌មានមកថា មុខម្ហូបសមុទ្រស្រស់មួយចំនួន ដែលត្រូវអាជីវករដាក់លក់នៅលើទីផ្សារមួយចំនួន នាខេត្តព្រះសីហនុ មានផ្សារលើជាដើម មានដាក់សារធាតុគីមី កំពុងធ្វើសកម្មភាពរាល់ថ្ងៃ។
ស្ត្រីមេផ្ទះ និងភ្ញៀវទេសចរមួយចំនួនខ្លាចរអាក្នុងការទិញមុខម្ហូបសមុទ្រស្រស់ មានដូចជា បង្គា មឹក ក្ដាម និងត្រីសមុទ្រជាដើម ដើម្បីយកទៅចម្អិនទទួលទានទេ ព្រោះបារម្ភម្ហូបទាំងនោះ មានដាក់សារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។ ការព្រួយបារម្ភ របស់ភ្ញៀវទេសចរ និងស្ត្រីមេផ្ទះ ទៅលើសុវត្ថិភាពចំណីអាហារនេះ បន្ទាប់កាលពីថ្ងៃទី១៤ ខែតុលា ពួកគេបានទទួលព័ត៌មានមកថា មានតូបលក់មុខម្ហូបសមុទ្រស្រស់មួយចំនួន គឺបង្គាស្រស់ ត្រូវបានគេចាក់ចាហ៊ួយចូល កំពុងដាក់លក់ នៅផ្សារលើ ស្ថិតក្នុងក្រុងព្រះសីហនុ។
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ប្រចាំខេត្តព្រះសីហនុ ទទួលស្គាល់ថា ម្ហូបសមុទ្រស្រស់ៗមួយចំនួន ដែលដាក់លក់នៅលើទីផ្សារខេត្តព្រះសីហនុ ពិតជាត្រូវបានមន្ត្រីជំនាញរកឃើញ មានផ្ទុកសារធាតុគីមីហាមឃាត់ពិតមែន។ មន្ត្រីផ្នែកអង្កេតអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ លោក ស្រេង វ៉ាន់លី ស្នើដល់មន្ត្រីជំនាញកាំកុងត្រូលឲ្យបន្តសកម្មភាពចុះពិសោធន៍អាហារសមុទ្រស្រស់ បន្លែត្រីសាច់ និងទំនិញផ្សេងៗ នៅតាមទីផ្សារនាមូលដ្ឋាននេះ ឲ្យបានច្រើនថែមទៀត ដើម្បីផ្ដល់ទំនុកចិត្តទៅលើសុវត្ថិភាពចំណីអាហារជូនស្ត្រីមេផ្ទះ ពិសេសភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ។
ទន្ទឹមគ្នានេះ លោក វ៉ាល់លី ក៏ទទូចដល់មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ត្រូវនាំខ្លួនអាជីវករ ឬអ្នកជាប់ពាក់ព័ន្ធការដាក់លក់អាហារសមុទ្រស្រស់ ឬទំនិញគ្មានគុណភាព នៅតាមស្តង់លក់ដូររបស់ខ្លួនត្រូវបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោស ដើម្បីជាការព្រមាន។
មន្ត្រីសាខាកាំកុងត្រូល ខេត្តព្រះសីហនុ បានអះអាងថា បានបន្តសកម្មភាពចុះត្រួតពិនិត្យមុខម្ហូបសមុទ្រស្រស់ បន្លែផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទ នៅតាមទីផ្សារនានា ក្នុងខេត្តព្រះសីហនុ ដើម្បីពិសោធន៍រកសារធាតុគីមីហាមឃាត់នេះជាបន្តបន្ទាប់។
លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសីហនុ ប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ក្នុងប៉ុន្មានថ្ងៃមកនេះ លោកបានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យការដាក់លក់ទំនិញ និងចំណីអាហារ នៅតាមស្តង់លក់ដូរ នៃការតាំងពិព័រណ៍ទំនិញមិត្តភាព កម្ពុជា-ថៃ នៅឆ្នេរឯករាជ្យ និងនៅតាមផ្សារមួយចំនួន ប៉ុន្តែរកមិនឃើញសារធាតុគីមីទេ។ លោកអះអាងថា សកម្មភាពចុះពិនិត្យមុខម្ហូបសមុទ្រស្រស់មាន ត្រី បង្គា មឹកនិងក្ដាមសមុទ្រជាដើម នៅតាមទីផ្សារក្នុងប៉ុន្មានលើកចុងក្រោយនេះ មន្រី្តជំនាញរកមិនឃើញអាហារសមុទ្រ និងទំនិញផ្សេងៗ ត្រូវគេលួចដាក់សារធាតុគីមីហាមឃាត់នោះទេ។ ទោះយ៉ាងណា លោក ជា ប៉ិច សង្កត់ធ្ងន់ថា សកម្មភាពចុះត្រួតពិនិត្យគុណភាពចំណីអាហារ ឬគុណភាពទំនិញនេះ មន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ នឹងបន្តចុះនៅតាមទីផ្សារនានា និងតាមច្រកនាំចូលទំនិញជាដើម ឲ្យបានច្រើនថែមទៀត។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (ADHOC) ប្រចាំខេត្តព្រះសីហនុ លោកស្រី ជៀប សុធារី បានគាំទ្រសកម្មភាពមន្ត្រីកាំកុងត្រូលខេត្តព្រះសីហនុ ដែលចុះពិសោធន៍គ្រឿងសមុទ្រស្រស់ មានបង្គា មឹក ប្រហិតចម្រុះ បន្លែ និងសរសៃគុយទាវជាដើម ដើម្បីរកសារធាតុគីមី នាំឲ្យប៉ះពាល់សុខភាពមនុស្សជាបន្តបន្ទាប់មកនេះ។ ទន្ទឹមគ្នានេះ អ្នកស្រីបានស្នើដល់មន្ត្រីកាំកុងត្រូល ត្រូវនាំខ្លួនអ្នកផ្ដើមគំនិតលួចដាក់សារធាតុគីមីនៅលើចំណីអាហារ ដើម្បីស្តុកទុកលក់ឱ្យបានយូរថ្ងៃ ត្រូវបញ្ជូនទៅកាន់តុលាការផ្ដន្ទាទោសដើម្បីជាការព្រមាន។
ជាមួយគ្នានេះដែរ មន្ត្រីជំនាញអំពាវនាវឱ្យស្ត្រីមេផ្ទះ ជាពិសេសភ្ញៀវទេសចរ បើដឹងថា ទីតាំងលក់ដូរណាមួយមានលក់ទំនិញខូចគុណភាព អាហារសមុទ្រស្រស់ និងចំណីអាហារវេចខ្ចប់ ព្រមទាំងភេសជ្ជៈគ្រប់ប្រភេទ ដែលសង្ស័យមានដាក់សារធាតុគីមី និងហួសកាលបរិច្ឆេទប្រើប្រាស់ជាដើម ត្រូវផ្ដល់ព័ត៌មានឲ្យបានឆាប់មកកាន់មន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តព្រះសីហនុ តាមរយៈទូរស័ព្ទលេខ ០៩៨ ៥៥៥ ៦៦៦ លេខ ០១៧ ៤៤៣ ៧៣៧ និងលេខ ០១២ ៩៤៦ ០៤៦៕
Comments
Post a Comment