ស្ថាប័នវិទ្យុអាស៊ីសេរី កាលពីថ្ងៃទី១២កញ្ញាម្សិលមិញនេះបានចេញសេចក្ដីថ្លែងការណ៍មួយបញ្ជាក់ពីការផ្អាកប្រតិបត្តិការនៅកម្ពុជា ក្រោយពេលដែលរដ្ឋាភិបាលកម្ពុជា បានរឹតបន្តឹងទៅលើច្បាប់ថ្មីមួយចំនួន ដែលធ្វើអោយវិទ្យុនេះចោទប្រកាន់ថា ជាការ វាយប្រហារទៅលើសម្លេងឯករាជ្យ ។
វិទ្យុនេះអះអាងថា គឺជាការគួរឲ្យសោកស្ដាយបំផុតដែល ត្រូវបង្ខំចិត្តផ្អាកដំណើរការការិយាល័យព័ត៌មាននៅទីក្រុងភ្នំពេញរបស់ខ្លួនមួយរយៈ។អាស៊ីសេរីបន្តថាកាបង្ក្រាបមកលើសំឡេងឯករាជ្យឥតស្រាកស្រាន្តក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗចុងក្រោយនេះពីសំណាក់រដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យវិទ្យុអាស៊ីសេរី បន្តបើកដំណើរការការិយាល័យព័ត៌មានរបស់ខ្លួនដោយធានាអំពីសុចរិតភាពនៃបេសកកម្មសារព័ត៌មានរបស់ខ្លួនជាបន្តទៅទៀតបាននោះទេ។អាស៊ីសេរីលើកឡើងថា ទង្វើទាំងនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញកាន់តែប្រត្យក្សជាក់ស្ដែង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនមិនមានចេតនាអនុញ្ញាតឲ្យប្រព័ន្ធផ្សព្វផ្សាយសេរីបន្តប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា នៅមុនពេលបោះឆ្នោតជាតិ ឆ្នាំ
២០១៨ តទៅទៀតនោះឡើយ។ ផ្ទុយទៅវិញ រដ្ឋាភិបាលបានឆក់យកឱកាសគ្រប់បែបយ៉ាងដើម្បីតាមដានធ្វើទុក្ខបុកម្នេញមកលើក្រុមអ្នករិះគន់គូបដិបក្ខនយោបាយអង្គ ការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ដែលប្ដេជ្ញារាយការណ៍អំពីការពិតនៅក្នុងសង្គមកម្ពុជា សព្វថ្ងៃ ក្រោមលេសចោទថា បានរំលោភច្បាប់ស្ដីពីសារពើពន្ធ និងបែបបទរដ្ឋបាលអាជ្ញាធរបានបិទស្ថានីយវិទ្យុឯករាជ្យនានា ដែលផ្សាយបន្តកម្មវិធីព័ត៌មានរបស់វិទ្យុអាស៊ីសេរី (RFA)វិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA)និងវិទ្យុសំឡេងប្រជាធិប តេយ្យVODនិងបិទកាសែតឌឹខេមបូឌាដេលីThe Cambodia Daily។

វិទ្យុអាស៊ីសេរីអះអាងថា អាជ្ញាធរបានសម្រេចជ្រើសរើសយកនូវការចេញផ្សាយនូវសេចក្ដីថ្លែងការណ៍មិនពិត និងបានបង្កើនវោហារសាស្ត្របំភិតបំភ័យនិងគំរាមកំហែងកាន់ តែខ្លាំងឡើងៗ ដែលភាគច្រើនធ្វើឡើងតាមរយៈការបញ្ចេញឯកសារបែកធ្លាយនៅលើប្រព័ន្ធផ្សព្វផ្សាយដែលជួយបន្ទរឲ្យរដ្ឋាភិបាល និងសេចក្តីថ្លែងការណ៍បញ្ច្រាសគ្នារបស់ស្ថាប័ន ក្រសួងផ្សេងៗគ្នា។លើសពីនេះទៀត ស្ថាប័នផ្សាយព័ត៌មានជាខេមរៈភាសារមួយនេះបញ្ជាក់ថា ការប្រឈមនឹងស្ថានភាពបំភិតបំភ័យបែបនេះមិនមែនជារឿងរ៉ាវថ្មីថ្មោងឡើយសម្រាប់វិទ្យុអាស៊ីសេរី។ ក្រុមអ្នកកាសែតនិងក្រុមអ្នកអត្ថាធិប្បាយរបស់របស់ពួកគេបានទទួលរងនូវការគំរាមការចាប់ដាក់ពន្ធនាគារនិងការបង្ខំឲ្យចាកចេញពីប្រទេសនេះ ដើម្បីបញ្ចៀសពីការប៉ុនប៉ងចាប់ខ្លួនឬធ្លាក់ចូលក្នុងស្ថានភាពរឹតតែអាក្រក់ជាងនេះ។ ក៏ប៉ុន្តែដំណើរវិវត្តន៍ចុងក្រោយថ្មីៗនេះ រឹតតែធ្ងន់ធ្ងរដល់កម្រិតមួយដែលមិនធ្លាប់មានពីមុនមក ខណៈដែលគណបក្សប្រជាជនកម្ពុជា ស្វះស្វែងដោយឥតអៀនខ្មាស កម្ចាត់ចោលនូវរាល់ឧបសគ្គ ឬឥទ្ធិពលនានា ដែលរារាំងមិនឲ្យបក្សពួករបស់
ខ្លួនទទួលបាននូវការក្ដោបក្ដាប់អំណាចផ្ដាច់ការទាំងស្រុងតែម្ដង៕
Comments
Post a Comment