អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមលោក កែម ឡី បានលើកឡើងថា ប្រភេទនៃគណបក្សនយោបាយនៅកម្ពុជាតែងតែធ្វើ ឡើងដោយដើរតាមប្រភេទ៥យ៉ាង។យ៉ាងណាលោកពុំបានបញ្ជាក់នោះទេថា តើទាំង៥នោះមានគណបក្សនយោបាយ នៅកម្ពុជាបច្ចុប្បន្នដែរឬអត់នោះ? គណបក្សទាំង៥ប្រភេទដែលលោក កែម ឡី បានលើកបង្ហាញតាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទី៤ សីហា នោះរួមមាន ១. គណបក្ស ឃោរឃៅ (សម្លុត បុក បាញ់ ចាប់ និងសម្លាប់) ២. គណបក្ស ជេរប្រមាថ ៣. គណបក្ស លាបពណ៌ ៤. គណបក្ស ស៊ីកេរ្តិ៍ឪពុក ៥. គណបក្សរណបគណបក្សកាន់អំណាច។លោកបានអះអាងថា កន្លងមកអ្នកនយោបាយខ្មែរតែងតែប្រើប្រាស់យុទ្ធសាស្រ្តទុច្ចរិតដូចជាសម្លុត ចាប់ដាក់ពន្ធនាគារ សម្លាប់ លាបពណ៌ ចោទប្រកាន់គ្មានការពិត កុហក បោកប្រាស់ ប្រជាប្រិយភាពបុគ្គល នយោបាយប្រជាពិថុត វិច្ឆេតកម្មសេដ្ឋកិច្ច និងប្រើប្រាស់មនោគមវិទ្យាគ្មានការពិត និងគ្មានភាពប្រាកដនិយម មកប្រើប្រាស់ដើម្បីអំណាច ទ្រព្យសម្បត្តិ និងមហិច្ឆតារបស់ខ្លួន។យុវជន មហាជន ត្រូវកែប្រែអំពើមិនល្អ ឬសត្រូវខាងលើនេះយ៉ាងដូចម្តេច? នៅក្នុងករណីនេះលោកកែម ឡី បានស្នើដល់ពលរដ្ឋទាំងអស់ត្រូវមានការចូលរួមយ៉ាងសកម្ម និងពេញលេញក្នុងការកែប្រែអ្នកនយោបាយខ្មែរដែលខ្លួនចូលចិត្ត និងវប្បធម៌នយោបាយថ្មីដ៏ល្អឲ្យគោរពតាមគោលការណ៍ខ្លះៗដូចខាងក្រោម៖គោលការណ៍ទី១. គោរពនូវក្រមសីលធម៌ល្អ និងវិជ្ជាជីវៈជាអ្នកនយោបាយស្អាតស្អំ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុសង្គម និងមានតម្លាភាព បើកចំហរចំពោះប្រជាពលរដ្ឋរបស់ខ្លួន។ គោលការណ៍ទី២. កសាងទំនាក់ទំនងល្អ ជិតឌិតជាមួយគ្នារវាងអ្នកនយោបាយនិងអ្នកនយោបាយ និងរវាងអ្នកនយោបាយ និង ប្រជាពលរដ្ឋរបស់ខ្លួន ។ គោលការណ៍ទី៣. រៀបចំគោលនយោបាយអភិវឌ្ឍន៍ជាតិថ្មីៗ និងគោលនយោបាយអភិវឌ្ឍន៍មូលដ្ឋានដោយមានគំនិតផ្តួចផ្តើមថ្មីៗដើម្បីធ្វើការប្រគួតប្រជែងដោយស្មើភាព និងយុត្តិធម៌។ គោលការណ៍ទី៤. ចេះប្រើប្រាស់ព័ត៌មានដែលមានលក្ខណៈវិទ្យាសាស្រ្តចេញពីការសិក្សាស្រាវជ្រាវក្នុងការរៀបចំច្បាប់ គោលនយោបាយ ធ្វើសេចក្តីសម្រេចចិត្ត និងផែនការយុទ្ធសាស្រ្ត ។គោលការណ៍ទី៥. បណ្តុះបណ្តាលយុវជនសម័យថ្មី ពីប្រព័ន្ធនយោបាយប្រជាធិបតេយ្យតាមបែបវិមជ្ឈការដោយផ្ទាល់ និងដោយប្រយោលនៅតាមគ្រឹះស្ថាននានា និងតាមមូលដ្ឋាន។ជាងនេះទៅទៀតលោកអះអាងថា គណបក្សនីមួយៗគួររៀបចំកម្មវិធីបណ្តុះបណ្តាលសមត្ថភាពសមាជិក និងសម្មជនរយៈពេលវែង និងមធ្យម ។
គោលការណ៍ទី៦.រៀបចំយន្តការប្រជាធិបតេយ្យរបស់គណបក្ស ដោយធ្វើការផ្តល់សិទ្ធអំណាចដល់សកម្មជនតាមមណ្ឌលជាអ្នកជ្រើសរើសតំណាងរបស់ខ្លួនពិត (បេក្ខភាពតំណាងរាស្រ្ត ក្រុមប្រឹក្សា) និងនាយកប្រតិបត្តិតាមរាធានី ខេត្ត ស្រុកនិងឃុំ ។
គោលការណ័ទី៧. បេក្ខភាពនាយករដ្ឋមន្រ្តី ប្រធាននិងអនុប្រធានគណបក្ស និងគណៈកម្មការជំនាញនានា គួរមាននីតិវិធីក្នុងការប្រកួតប្រជែងដោយយុត្តិធម៌ និងតម្លាភាព។សម្រាប់គោលការណ៍ទី៨វិញលោកថា យន្តការគណបក្សធំៗត្រូវតែមានអំណាចចែកដាច់ពីគ្នាដូចជា គណកម្មការអចិន្តៃ្រយ គណៈកម្មការនាយក គណៈកម្មការវិន័យ គណៈកម្មការជាតិត្រូវចែកដាក់ពីគ្នា និងមានយន្តការធ្វើសេចក្តីសម្រេចចិត្ត២ភាគ៣។ គោលការណ៍ទី៩. គណបក្សនយោបាយ
គួរមានផែនការនយោបាយ ផែនការយុទ្ឋសាស្រ្ត រយៈពេលវែង និងមធ្យមដែលជាឧបករណ៍សំខាន់ៗសម្រាប់ធ្វើសេចក្តីសម្រេចចិត្ត និងអនុវត្ត ។ គោលការណ៍ទី១០. គណបក្សគួរមានកូតាស្រ្តី (៥០% និងយុវជន៣៣%) តាមសមាមាត្រាស្រ្តី និងយុវជនដោយយោងតាមទិន្នន័យប្រជាសាស្រ្តរបស់កម្ពុជា។ គោលការណ៍ទី១១. រៀបចំច្បាប់ផ្ទៃក្នុងគណបក្សស្តីពីការប្រឆាំងអំពើពុករលួយ និងទំនាស់ផលប្រយោជន៍ និងច្បាប់ថវិកា របស់គណបក្សនយោបាយ។បើទោះជាយ៉ាង
ណាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គមរូបនេះបានសរសេរអះអាងនៅលើនេះដដែលថា លោករីករាយក្នុងការចូលរួមចំណែកជួយរៀបចំឧបករណ៍ខាងលើនេះ ក្នុងករណីដែលគណបក្សនយោបាយណាមួយស្នើសុំ៕
Comments
Post a Comment