លោកនាយរកដ្ឋមន្រ្តី ហ៊ុន សែន បានប្រតិកម្មយ៉ាងខ្លាំងជាមួយនឹងស្ថានទូតអាមេរិកដែលមានប្រចាំនៅកម្ពុជា ក្រោយពេលដែលស្ថានទូតមួយនេះបានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្មីៗនេះ ដោយបានដោះសារចេញពីការចោទប្រកាន់របស់រដ្ឋាភិបាល ។
កាលពីថ្ងៃទី២០ ខែតុលា ទូតអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយបានបញ្ជាក់ថា ចំពោះ គ្រាប់បែកដែលអាមេរិកទម្លាក់នៅសម័យសង្គ្រាមនៅឯខេត្តស្វាយរៀងនោះ មិនមែនជាគ្រប់បែកគីមី ដែលអាចនៅមានសុពលភាពយូអង្វែងនោះទេ ពោលគឺគ្រាន់តែជាគ្រាប់បែកដែលមានប្រើឧស្ម័នធ្វើ អោយចេញទឹកភ្នែកប៉ុណ្ណោះ ។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីម្សិលមិញនេះ ឆ្លើយតបវិញថា នេះជាការឆ្លើយដោះសាររបស់ស្ថានទូតអាមេរិក ។ លោកនាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ពលរដ្ឋរបស់ខ្មែរជាច្រើននាក់នៅក្នុង ខេត្តស្វាយរៀង ដែលបានរងគ្រោះដោយសារតែគ្រាប់បែករបស់អាមេរិកមួយនេះ ។ ជាពិសេសនោះ គឺចំពោះកូនក្មេងរស់នៅក្នុងតំបន់នោះ ដែលបង្កអោយពួកគេកើតមុខ មានបញ្ហាអាវយវមិនត្រឹមត្រូវ ក៏ដោយសារតែគ្រាប់បែកនេះ ។

ថ្លែងក្នុងពិធីជួបជាមួយកម្មករ កម្មការិនី កាលពីម្សិលមិញនេះ លោកនាយករដ្ឋមន្រ្តីលើកឡើងថា វាជាការសង្វេគចិត្តខ្លាំងណាស់នៅពេលដែលសហរដ្ឋអាមេរិកចាត់ទុកថា គ្រាប់បែកគីមីនៅឯស្វាយរៀង មកជាឧស្ម័នបង្ហូរទឹកភ្នែក ។ លោកចំអកដាក់អាមេរិកថា « ធ្វើហាក់ដូចជាចិត្តធម៌ម្ល៉េះ។ លោកចោទសួរថា មកធ្វើសង្រ្គាមនៅឥណ្ឌូចិន ដឹកមកនូវឧស្ម័នបង្ហូរទឹកភ្នែក? តើឧស្ម័នបង្ហូរទឹកភ្នែកនេះ គេយកមកសម្រាប់បង្រ្កាបមនុស្សនៅក្នុងព្រៃឬ? កោតតែអាចនិយាយទៅរួច សង្ឃឹមថា ទូតអាមេរិកនឹងនាំគ្នាទៅទស្សនកិច្ចលេងកម្សាន្តនៅទីកន្លែងនោះ រាប់ទាំង PEACECORP របស់អាមេរិកដែលកំពុងនៅស្រុកខ្មែរនេះ ដែលទើបអស់វីហ្សា (ទិដ្ឋាការ) ហើយទើបផ្តល់វីហ្សាឲ្យ៣ខែបន្តទៀត គួរទៅលេងកន្លែងណុង » ។
ជាងនេះទៀត ក្នុងពិធីដដែលនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានផ្ដាំផ្ញើទៅកាន់ស្ថានទូតអាមេរិកនៅកម្ពុជាថា បើយល់ល្អមែន ស្ថានទូតគួរតែយកដីដែលមានគ្រាប់បែកទម្លាក់ដោយអាមេរិកកាលសម័យសង្រ្គាម នៅឯខេត្តស្វាយរៀងនោះ យកមកដាំបន្លែនៅក្នុងស្ថានទូតរបស់ខ្លួនតែម្ដង ដើម្បីអោយដឹងថា តើមានសភាពយ៉ាងណា ។

បើតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតអាមេរិកកាលពីថ្ងៃទី២០ តុលា បញ្ជាក់ថា ថ្វីបើការប្រើឧស្ម័នធ្វើអោយចេញទឹកភ្នែក ជាញឹកញាប់ ជារឿងចំរូងចំរាស់ក្តី តែគេមានវិធីច្បាស់លាស់សំរាប់បំបាត់វា ហើយក៏គ្មានភស្តុតាងដែលថា វាបណ្តាលអោយមានបញ្ហាសុខភាពយូរអង្វែង ឬការកើតមកមិនគ្រប់លក្ខណៈដែរ។ អាមេរិកថា ពិតមែនហើយ បើសិនជាមានមែន នោះអាជ្ញាធរនៅក្នុងប្រទេសជាច្រើនក្នុងពិភពលោក រួមទាំងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ មិនប្រើវាទេ។
សហរដ្ឋអាមេរិកជឿជាក់ថា អាជ្ញាធរកម្ពុជាមានសមត្ថភាព និងធនធានក្នុងការបំផ្លាញគ្រាប់បែកឧស្ម័នធ្វើអោយចេញទឹកភ្នែកបាន ដោយសុវត្ថិភាព និងយ៉ាងឆាប់រហ័ស។ មជ្ឈមណ្ឌលសកម្មភាពមីនកម្ពុជា (CMAC) បានដឹងពីវត្តមាននៃគ្រាប់បែកបែបនេះ នៅខេត្តស្វាយរៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយបានទទួលការបង្រៀនជាលំអិតលើរឿងនេះចំនួន ២ លើក នៅឆ្នាំ ២០១៥ និងឆ្នាំ ២០១៦ ពីអ្នកឯកទេសយោធាសហរដ្ឋអាមេរិក។

អាមេរិកបន្តថា ការបង្រៀននេះនាំទៅដល់លំហាត់អនុវត្តជាក់ស្តែង នៅខេត្តមណ្ឌលគីរី កាលពីខែឧសភា ឆ្នាំ ២០១៦ ដែលនៅពេលនោះ អ្នកដោះមីនកម្ពុជាបានធ្វើការដោះគ្រាប់ឧស្ម័នធ្វើអោយចេញទឹកភ្នែកទាំងនោះ។ ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលនេះ បញ្ជាការដ្ឋានរបស់សហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកបានផ្តល់អោយកងយោធពលខេមរភូមិន្ទនូវបរិក្ខាមួយសំរាប់ពេញ សំរាប់ប្រើចាំបាច់នៅក្នុងប្រតិបត្តិការលុបបំបាត់គ្រាប់ធ្វើអោយចេញទឹកភ្នែក នៅនឹងកន្លែង៕
អត្ថបទមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។ អត្ថបទមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។ អត្ថបទមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧ នេះ ។
Comments
Post a Comment