អត្ថបទនេះចម្លងចេញពីវិទ្យុសម្លេងព្រះសង្ឃឯករាជ្យទាំងស្រុង ៖ អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានចាត់ទុកក្រុមសមាជិកសភាមកពីគណបក្សកាន់អំណាចថា សុទ្ធតែជាក្រុមជនផ្ដាច់ការដែលធ្វើការងារដើម្បីបម្រើតែគណបក្សរបស់ពួកគេ តែប៉ុណ្ណោះ ។
ការសម្រេចហៅក្រុមសមាជិកសភាមកពីគណបក្សកាន់អំណាចថា ជាក្រុមជនផ្ដាច់ការនាពេលនេះ ពោលគឺបន្ទាប់ពីសមាជិករដ្ឋាភិបាលទាំងនោះ បានផ្ដើមយល់ព្រមអនុម័តច្បាប់ចំនួន៤ ដែលអាចជា ការឈាននាំផ្លូវដល់ការបែកចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិក្នុងសភា ហើយយកអាសនៈ ទាំងនោះ ទៅចែកអោយគណបក្សនយោបាយដទៃផ្សេងទៀតចំនួ៥ ដើម្បីឡើងមកបំពេញតម្រូវការ ជំនួសគណបក្សសង្រ្គោះជាតិដែលជាគណបក្សមានសម្លេងពិតប្រាកដ ។

សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័តនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
ទាក់ទងនឹងបញ្ហានេះ លោក អេង ឆៃអ៊ាង ដែលកំពុងនៅក្រៅប្រទេសនៅឡើយលើកឡើងថា ជនផ្ដា ច់ការជនផ្តាច់ការអាចរំលាយគណបក្សសង្គ្រោះជាតិបាន តែមិនអាចរំលាយឆន្ទៈប្រជាពលរដ្ឋខ្មែរពាក់កណ្តាលនគរបានឡើយ ទោះបីខិតខំកាឡៃច្បាប់បែបណាក៏ដោយ ។
លោកបានបញ្ជាក់ថា ច្បាប់កាឡៃទាំងបួនដែលតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា បានកែច្នៃកាលពីព្រឹកថ្ងៃទី១៦ កន្លងមកនេះ មិនអាចយកមកប្រើប្រាស់ដើម្បី" ប្លន់ឆន្ទៈប្រជាពលរដ្ឋ" បានឡើយ ។ ឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិទាំង៥៥រូប គឺជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋពាក់កណ្តាលប្រទេសដែលទទួលស្គាល់ពីសហគមន៍អន្តរជាតិ ។

លើសពីនេះទៀត លោក អេង ឆៃអ៊ាង បានបន្តថា ប្រជាពលរដ្ឋខ្មែរ និងសហគមន៍អន្តរជាតិ នឹងមិនទទួលស្គាល់ផលិតផល ដែលជនផ្តាច់ការនឹងបង្កើតចេញពីច្បាប់កាឡៃទាំងបួន នាពេលខាងមុខនេះឡើយ ។
ជុំវិញការសម្រេចរបស់សមាជិកសភាមកពីគណបក្សកាន់អំណាចនៅកម្ពុជានេះរដ្ឋាភិបាលសហរដ្ឋអាមេរិកតាមរយៈក្រសួងការបរទេស បានព្រមានចំពោះហានិភ័យនៅកម្ពុជាដែលអាចនឹងកើតមានឡើង ប្រសិនណាបើរដ្ឋាភិបាលនៅតែបន្តសកម្មភាពដូចសព្វថ្ងៃនេះទៀត ។
តាមរយៈសេចក្ដីថ្លែងការណ៍ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១៦ តុលា សហរដ្ឋអាមេរិកយល់ថា ទង្វើរបស់សមាជិករដ្ឋាភិបាលកម្ពុជាកំពុងធ្វើនាពេលនេះ ជាពិសេសការធ្វើវិសោធនកម្មដែលអាចឈានដល់ការរំលាយគណបក្សសង្រ្គោះជាតិនិងការចាប់ខ្លួនមេបក្សប្រឆាំង លោក កឹម សុខា ជាដើមនោះ គឺអាចនឹងបង្កអោយមានផលប៉ះពាល់ដល់ដំណើរការបោះឆ្នោត ។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបទេសដដែលនេះបានបង្ហាញក្ដីបារម្ភជាពិសេសចំពោះការអនុម័តនូវវិសោធនកម្មនៃច្បាប់បោះឆ្នោតរបស់ប្រទេសកម្ពុជា ពីសំណាក់រដ្ឋសភាកម្ពុជា។ ពួកគេបានបន្តថា ប្រសិនជាត្រូវបានផ្តល់សច្ចាប័នវិសោធនកម្មទាំងនេះស្របគ្នានឹងពាក្យបណ្តឹងរបស់ក្រសួងមហាផ្ទៃដើម្បីរំលាយគណបក្សសង្គ្រោះជាតិ (CNRP) អាចនឹងដកហូតសិទ្ធិទាំងស្រុងរបស់ប្រជាពលរដ្ឋរាប់លាននាក់ដែលបានបោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិ ក្នុងការបោះឆ្នោតនៅឆ្នាំ២០១៣ និងឆ្នាំ២០១៧។
ក្រសួងការបរទេសក៏បានប្រាប់កម្ពុជាថា ការប្រកួតប្រជែងពិតប្រាកដមានសារៈសំខាន់ចំពោះលទ្ធិប្រជាធិបតេយ្យនិងភាពស្របច្បាប់នៃការបោះឆ្នោតជាតិឆ្នាំ២០១៨។ អាមេរិកប្រាប់កម្ពុជាបន្តថា ប្រវត្ដិសាស្ដ្របញ្ជាក់ថា ការបង្ក្រាបសកម្មភាពនយោបាយស្របច្បាប់នាំឱ្យមានអស្ថិរភាពយូរអង្វែងច្រើនជាងការរយៈពេលខ្លី។ អាមេរិកបានជំរុញឱ្យមន្រ្តីរដ្ឋាភិបាលពិចារណាពីផលប៉ះពាល់ធ្ងន់ធ្ងរនៃចំណាត់ការថ្មីៗរបស់ពួកគេឡើងវិញ ។
កាលពីល្ងាចថ្ងៃម្សិលមិញនេះ គណបក្សសង្រ្គោះជាតិក៏បានចេញសេចក្ដីថ្លែងការណ៍មួយប្រកាសជំហរថ្កោលទោសដូចគ្នាលើសមាជិកសភាមកពីគណបក្សកាន់អំណាចដែលផ្ដើមអនុម័តច្បាប់ទាំង៤ខាងលើនេះ ។

ក្នុងលិខិតជំទាស់របស់ក្រុមសមាជិកសភាមកពីគណបក្សប្រឆាំងធ្វើឡើងនៅល្ងាចថ្ងៃទី១៧ តុលា នេះ ពួកគេបានបង្ហាញការយល់ឃើញថា ទង្វើរបស់រដ្ឋាភិបាលដែលកំពុងធ្វើនាពេលនេះ ប្រាកដជានឹងត្រូវប្រវត្តិសាស្រ្តកត់ត្រាទុកជាក់ជាមិនខានឡើយ ។ ពួកគេលើកឡើងថា ប្រសិនបើគណបក្សប្រជាជនមិនចង់អោយមានប្រវត្តិសាស្រ្តកត់ត្រាទុកអំពីអំពើអាក្រក់របស់ពួកគេ និងកំហុស ដ៏ធ្ងន់ធ្ងររបស់ពួកគេនាពេលនេះទេ គណបក្សកាន់អំណាចដែលដឹកនាំដោយគណបក្សប្រជាជននាពេល
នេះ ត្រូវតែបញ្ឈប់ការផ្ដើមអនុម័តអោយមានច្បាប់បែកចែកអាសនៈនៅក្នុងសភានេះជាបន្ទាន់ ៕
Comments
Post a Comment