អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនរស់នៅក្រៅប្រទេសបានថ្លែងលើកឡើងថា លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានប្រព្រឹត្តទង្វើអាក្រក់ ហួសហេតុពេកហើយ ដែលធ្វើអោយអន្តរជាតិអត់ទ្រាំពុំបាន ។
លោក សម រង្ស៊ី លើកឡើងថា អ្វីដែលសហគមន៍អន្តរជាតិកំពុងធ្វើដាក់កម្ពុជានាពេលនេះ គឺដើម្បី អោយកម្ពុជាក្រោមការដឹកនាំដោយរដ្ឋាភិបាលរបស់លោកក ហ៊ុន សែន បានដឹងខ្លួនឯងអំពីទង្វើដែលកំពុងប្រព្រឹត្តតែប៉ុណ្ណោះ ពីព្រោះជាទង្វើដែលនាំអោយប្រទេសជាតិខាតបង់ ជាទង្វើដែលធ្វើ អោយប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ ៖ « ពីព្រោះ ហ៊ុន សែន ធ្វើអាក្រក់ខ្លាំងពេក អន្តរជាតិគេចាំសំពង ហ៊ុន សែន មិនចាំបាច់ សម រង្ស៊ី ទៅនិយាយទេ គេចាំសំពងស្រាប់ទៅហើយ » ។
ការថ្លែងលើកឡើងរបស់លោក សម រង្ស៊ី យ៉ាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីរំលឹកពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃ ២៣ តុលា ១៩៩១ រៀបចំដោយ សមាគម លើកតម្កើងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
អតីតដៃគូរប្រកួតនយោបាយដ៏កំពូលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន រូបនេះបានថ្លែងបញ្ជាក់ទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងកាន់តែរងការព្រមាន និងថ្កោលទោសកាន់តែខ្លាំងពី មជ្ឈដ្ឋានអន្តរជាតិដែលជាម្ចាស់ជំនួយ និងអ្នកទទួលបញ្ជាទិញពីកម្ពុជា ។ លោកបន្តថា ប្រសិនណា បើបក្សលោក ហ៊ុន សែន និងរដ្ឋាភិបាលមួយនេះ មិនព្រមបញ្ឈប់ទេនោះ រដ្ឋាភិបាលបក្សប្រជាជនក៏ កាន់តែនឹងត្រូវអន្តរជាតិធ្វើការកៀបសង្កត់កាន់តែខ្លាំងដែរ ជាហេតុអាចនឹងធ្វើអោយបក្សមួយនេះលែ ងទប់ជំហរជាប់ ។
កាលប៉ុន្មានថ្ងៃមុននេះ សហភាពអន្តរសភាដែលតំណាងអោយប្រទេសចំនួន១៧៣ ប្រទេស បានអនុម័តញត្តិថ្កោលទោសលើរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះការអនុម័តអោយកែប្រែច្បាប់បែកចែកអាសនៈគណបក្សនយោបាយក្នុងរដ្ឋសភា ហើយច្បាប់នេះដែរក៏ត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហត្ថលេខាអនុញ្ញាតដាក់អោយប្រើប្រាស់កាលពីថ្ងៃម្សិលមិញនេះ ។ ប៉ុន្តែយ៉ាងណាមិនទាន់ត្រូវបានរំលាយគណបក្សសង្រ្គោះជាតិនៅឡើយទេ ។
ប្រទេសស៊ុយអែតវិញនោះ កាលប៉ុន្មានថ្ងៃមុននេះ ក៏បានធ្វើសន្និសីទកាសែតមួយតាមរយៈស្ថានទូត ដែលមាននៅកម្ពុជា បានព្រមានចំពោះការដកទូតចេញ ដោយការកាច់ផ្ដាច់ទំនាក់ទំនងជាមួយនឹង កម្ពុជា ប្រសិនណាបើគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាអាចនឹងត្រូវ បានរដ្ឋាភិបាលមួយនេះ ធ្វើការរំលាយចោលមែននោះ ។ រដ្ឋាភិបាលប្រទេសស៊ុយអែតព្រមានបែបនេះដោយហេតុថា ពួកគេបង្ហាញក្ដីបារម្ភចំពោះបញ្ហាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាអាចនឹងដើរថយក្រោយ ។
លើសពីនេះ ចំពោះសហគមន៍អឺរ៉ុបវិញនោះ កំពុងតែធ្វើការពិចារណាទាក់ទិនជាមួយទៅនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា ជាពិសេសនោះគឺការបិទការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប។ នេះបើយោងតាមបទសម្ភាសន៍របស់លោកស្រី
Barbara Lochbihler ជាមួយនឹងវិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីថ្ងៃទី២០ តុលា ។
ឯមន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិ ដែលមានមូលដ្ឋាននៅបូរីញ៉ូវយ៉ក (New York) អោយដឹងកាលពីម្សិលមិញនេះថា ការិយាល័យអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោទែរ៉េស (Antonio Guterres) បានទទួលលិខិតចំហរបស់អង្គការមិនមែនរដ្ឋាភិបាលចំនួន ៥៥រួចហើយ។
អង្គការទាំងនេះ បានរួមគ្នាស្នើឲ្យមានការកោះប្រជុំបន្ទាន់មួយជាលក្ខណៈអន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយចំពោះវិបត្តិនយោបាយដ៏ធ្ងន់ធ្ងរនៅកម្ពុជាបច្ចុប្បន្ន។ មន្ត្រីនាំពាក្យរងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក ហ្វារហាន អាហ្ស៊ីស ហាក (Farhan Aziz Haq) បញ្ជាក់ថា បច្ចុប្បន្ន ការិយាល័យរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ កំពុងសិក្សាលើខ្លឹមសារនៃលិខិតចំហមួយនេះ មុននឹងឈានទៅសម្រេចថា នឹងត្រូវចាត់វិធានការបន្ទាប់យ៉ាងណានោះ។ នេះបើយោងតាមការចុះផ្សាយដោយវិទ្យុអាស៊ីសេរី ដែលបានដកស្រង់សម្ដីមកចុះផ្សាយ ។
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី លើកឡើងថា ការព្រមានជាបន្តបន្ទាប់ពីអន្តរជាតិដោយគ្មានការស្នើសុំនេះ គឺដោយសារតែរដ្ឋាភិបាលលោក ហ៊ុន សែន និងលោក ហ៊ុន សែន ខ្លួនឯងប្រព្រឹត្តទង្វើអាក្រក់ខ្លាំងពេក ដែលមិនអាចអោយអន្តរជាតិទ្រាំបាន ។ លោក សម រង្ស៊ី បាន រំលឹកថា កន្លងមកលោក ហ៊ុន សែន តែងតែចោទលោកថា ជាអ្នកញុះញង់ និងស្នើអោយអន្តរជាតិបិទទីផ្សារកម្ពុជា ប៉ុន្តេលើកនេះលោកមិនបានស្នើឡើយ គឺអន្តរជាតិធ្វើដោយខ្លួនឯង ៕
Comments
Post a Comment