ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម និងជានាយកប្រតិបត្តិអង្គការព្រះពុទ្ធសាសនាដើម្បីសន្តិភាពផងនោះ ព្រះអង្គ ប៊ុត ប៊ុនតិញ បានរិះគន់ចំពោះការងាររបស់អាជ្ញាធរមានសមត្ថកិច្ច ដែលធ្វើការងារបម្រើប្រជាពលរដ្ឋរបស់ខ្លួនមិនបានស្មើភាពគ្នា ចំពោះអ្នករិះគន់រដ្ឋាភិបាល និងអ្នកមិនរិះគន់ ។
ព្រះអង្គ ប៊ុត ប៊ុនតិញ ដែលជាសកម្មសង្ឃដ៏សកម្ម ដែលធ្លាប់រិះគន់លើរដ្ឋាភិបាលមិនសំចៃមាត់បានមានព្រះថេរដីការលើកឡើងពីករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី កាលពីឆ្នាំ២០១៦ និងការបាញ់ប្រហារលើតារាចម្រៀង សាន ស្រីឡៃ ថា មានស្តង់ដារនៃការអនុវត្ត និងការធ្វើកិច្ចការងារខុសគ្នាដាច់រវាងអ្នកទាំងពីរនាក់នេះ ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅក្នុង តំបន់ និងក្រៅតំបន់ទាំងនេះ ។

ព្រះអង្គលើកឡើងបែបនេះ ៖ « ហើយការងារបាញ់ប្រហារ តារាចម្រៀង ស្រីឡៃ ល្ងាចមិញនេះ គឺឃើ ញថា វាមានការងារខុសប្លែកគ្នាឆ្ងាយ ត្រង់វីដេអូទាំងស្រុង គេយកមកធ្វើការចាក់បញ្ចាំង ហើយធ្វើបានលឿនបំផុត ។ ចុះវីដេអូ នៅកាំម៉េរ៉ា កាលតិច កាល់ម៉ាត ស្តប់កែម ឡី ដែលបានស្ដាប់លោកបណ្ឌិត កណ្ដាលថ្ងៃត្រង់ កណ្ដាលទីក្រុង កណ្ដាលបេះដូងខ្មែរ ហើយមានកាំម៉េរ៉ាទាំងបួនជ្រុង ហេតុ អ្វីបានយើងមិនមានកាំម៉េរ៉ាដើមមើល ឃើញតែកាំម៉េរ៉ាកាត់ត គេដាក់អោយយើងមើល » ។
ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈការផ្សាយបន្តផ្ទាល់ ចេញពីគណនីហ្វេសប៊ុករបស់ព្រះអង្គ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ខណៈដែលព្រះអង្គកំពុងមានព្រះ វត្តមានគង់នៅលើទឹកដីសហរដ្ឋអាមេរិកនៅឡើយ ។
ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ បែបនេះ ធ្វើឡើង ក្រោយពេលតារាចម្រៀងប្រចាំ ផលិតកម្មហង្សមាស សាន ស្រីឡៃ ត្រូវបានអតីតស្វាមីរបស់ខ្លួនបាញ់បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។

ក្រោយការបាញ់ប្រហារនេះមិនបានប៉ុន្មានម៉ោងផង រូបភាពកាំម៉េរ៉ាដែល ដាក់នៅកន្លែងកើតហេតុ ត្រូវបានផ្សព្វផ្សាយព្រោងព្រាតនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលខុស ពីរូបភាពកន្លែងបាញ់សម្លាប់បណ្ឌិត កែម ឡី កាលពីខែកក្កដា ឆ្នាំ២០១៦ កន្លងទៅ ត្រូវបានអាជ្ញាធរ បិទបាំងអស់រយៈពេលប្រហែល១ឆ្នាំទើបអាជ្ញាធរបញ្ចេញ ។ ប៉ុន្តែការបញ្ចេញនោះ មិនមែនជាកាំម៉េរាដើមសុទ្ធនោះទេ ពោលគឺត្រូវបានកាត់សិន មុននឹងយកមកបង្ហោះ ។ នេះជាការលើកឡើងរបស់ ព្រះអង្គ ប៊ុត ប៊ុនតិញ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ។
ដោយសារការអនុវត្តការងារនេះមានស្តង់ដារខុសគ្នាបែបនេះ ព្រះអង្គ ប៊ុត ប៊ុនតិញ ចាត់ទុកថា នេះគឺជាការរើសអើងយ៉ាងខ្លាំងរបស់អាជ្ញាធរមានសមត្ថកិច្ចចំពោះប្រជាពលរដ្ឋរបស់ខ្លួន ដែលកំពុងរស់ នៅក្រោមការដឹកនាំដោយពួកគេ ។ ប៉ុន្តែយ៉ាងណាក៏ដោយ ព្រះអង្គនៅតែចាត់ទុកថា ទាំងបណ្ឌិត កែម ឡី និងតារាចម្រៀង សាន ស្រីឡៃ សុទ្ធតែអ្នកមានប្រយោជន៍ជាតិ ដែលមិនគួរត្រូវបានបុគ្គលណា ឬក្រុមណារើសអើងសោះឡើយ ៕
Comments
Post a Comment