អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុអាស៊ីសេរី ដែលផ្សាយចេញកាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ យប់មិញនេះ ។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា អំពាវនាវមហាជនខ្មែរទាំងអស់ ឲ្យធ្វើបាតុកម្មដោយអហិង្សា តវ៉ាប្រឆាំង នឹងការប៉ុនប៉ងរំលាយ គណបក្សសង្គ្រោះជាតិ។ តំណាងសហព័ន្ធ និស្សិតបញ្ញវន្តកម្ពុជា ចាត់ទុកការប៉ុនប៉ងធ្វើទុក្ខបុកម្នេញ មកលើគណបក្សប្រឆាំងដែលមានអ្នកបោះឆ្នោតគាំទ្រជាង ៣លាននាក់ ថាជារំលោភបំពានធ្ងន់ធ្ងរទៅលើរដ្ឋធម្មនុញ្ញ និងប្រជាធិបតេយ្យនៅកម្ពុជា។ លោកចាត់ទុក ទង្វើរបស់រដ្ឋាភិបាលកម្ពុជាបែបនេះ ថាជាការធ្វើឲ្យប្រេះឆាជាតិ។
ប្រធានសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក ឡេង សេងហុង បញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៦ ខែតុលា ថា ការអំពាវនាវឲ្យដល់សមាជិក សិស្ស និស្សិត យុវជន ព្រះសង្ឃ និង ប្រជាពលរដ្ឋទូទាំងប្រទេស ឲ្យត្រៀមធ្វើបាតុកម្មដោយអហិង្សានេះ គឺជាសិទ្ធិស្របច្បាប់របស់ពលរដ្ឋ ដែលធានាដោយរដ្ឋធម្មនុញ្ញ។ លោកបញ្ជាក់ថា គម្រោងធ្វើបាតុកម្មនេះ គឺដើម្បីការពារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា មិនមែនការពារគណបក្សប្រឆាំងទេ ។
៖ «យើងមិនពេញចិត្ត បើរដ្ឋាភិបាលរំលាយគណបក្សសង្គ្រោះជាតិមែន។ យើងគ្រាន់តែចង់សម្ដែងមតិ ចង់ការពារឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ តែប៉ុណ្ណឹងឯង។ ព្រោះឃើញថា ប្រជាពលរដ្ឋគាត់មិនចិត្តទេ បើគណបក្សសង្គ្រោះជាតិ គេរំលាយ គឺដូចរម្លាយឆន្ទៈរបស់ពួកគាត់ ដែលពួកគាត់ខំបោះឆ្នោតឲ្យគណបក្សប្រឆាំងមួយ ដើម្បីឲ្យមានសំឡេងប្រឆាំងប្រហាក់ប្រហែល នឹងរដ្ឋាភិបាល ដើម្បីឲ្យប្រទេសជាតរីកចម្រើន និងឲ្យប្រជាធិបតេយ្យកាន់តែមុខ»។
លោក ឡេង សេងហុង បញ្ជាក់បន្ថែមថា បាតុកម្មនេះ នឹងមានអ្នកចូលរួមលើសពី ៤,០០០ នាក់ ហើយលោកស្វាគមន៍សកម្មជនគណបក្សប្រឆាំង និងគណបក្សនយោបាយដទៃទៀត ដែលប្រឆាំងនឹងអំពើអយុត្តិធម៌ ឲ្យមកចូលរួមជាមួយអង្គការរបស់លោក ដើម្បីរួមគ្នាធ្វើបាតុកម្មធំរួមគ្នា ព្រោះជារឿងជាតិទាំងអស់គ្នា។ មិនតែប៉ុណ្ណោះ លោកសូមផ្ញើសារជូនទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មិនគួរខ្លាចការប្រកួតប្រជែង ជាមួយគណបក្សប្រឆាំង តាមបែបប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតដោយសេរី ត្រឹមត្រូវ នឹងយុត្តិធម៌នោះទេ៖ «ខ្ញុំសូមផ្ញើជូនទៅដល់សម្ដេចនាយកតែម្ដង លោកគួរតែពិចារណាឡើងវិញ។
លោកគួរតែងាកមកការប្រកួតប្រជែងនយោបាយ ដោយស្មើភាព ស្របតាមសង្គមប្រជាធិបតេយ្យវិញ។ មិនគួរណាចង់ឈ្នះគណបក្សមួយ ហើយរំលាយគេចោលនោះទេ។ សម្ដេចគួរមានភាពក្លាហានមួយ ទុកឲ្យគណបក្សសង្គ្រោះជាតិប្រកួតជាមួយសម្ដេច ដើម្បីយកកេរឈ្មោះ ដើម្បីប្រជាពលរដ្ឋទាំងអស់គ្នា»។
សហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ជាអង្គការសង្គមស៊ីវិលក្នុងស្រុកដំបូងគេ ដែលចេញសេចក្ដីអំពាវ ឲ្យធ្វើបាតុកម្ម ដើម្បីរកភាពយុត្តិធម៌ដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោត ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្ក្រោះជាតិ។ សេចក្ដីអំពាវនេះធ្វើបាតុកម្មនេះ ធ្វើឡើងភ្លាមៗ ក្រោយព្រះមហាក្សត្រខ្មែរ ឡាយព្រះហត្ថលេខា លើវិសោធនកម្មច្បាប់បួន ដ៏ចម្រូងចម្រាស ដែលអាចឈានទៅរំលាយគណបក្សសង្គ្រោះជាតិ។ សហគមន៍អន្តរជាតិ បានថ្កោលទោសចំណាត់ការរបស់រដ្ឋាភិបាលកម្ពុជា ដែលប៉ុនប៉ងធ្វើទុក្ខបុកម្នេញសំឡេងបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនៅកម្ពុជា៕
Comments
Post a Comment