
មន្ត្រីជាន់ខ្ពស់របស់បក្សប្រឆាំង អះអាងថា តំណាងរាស្ត្រជាងពាក់កណ្តាល ដែលមិនទាន់ចេញទៅក្រៅប្រទេស នឹងពិចារណាចូលប្រជុំសភា នៅសប្តាហ៍ក្រោយ បើទោះបីស្ថានការនយោបាយពេលនេះ កំពុងបន្តឡើងកម្តៅក៏ដោយ។
អគ្គលេខាធិការដ្ឋានរដ្ឋសភា បានជូនដំណឹងថា នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែតុលា សភានឹងបើកសម័យប្រជុំ ពិភាក្សាលើសេចក្តីព្រាងច្បាប់ វិសោធនកម្មមាត្រាច្បាប់មួយចំនួន និងបង្ហាញរបាយការណ៍ស្តីពីសកម្មភាព របស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភា លើទី៨ និងទី៩ នីតិកាលទី៥នេះ។
កន្លងទៅគណបក្សប្រឆាំងធ្លាប់ធ្វើពិហិការ មិនចូលប្រជុំសភា ទាក់ទិនទៅនឹងការស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដ៏ចម្រូងចម្រាស ដែលស្នើឡើងដោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងការធ្វើពិហិការ មិនចូលរួមប្រជុំ ជាមួយតំណាងរាស្ត្របក្សកាន់អំណាច ដែលបើកផ្លូវ ឲ្យតុលាការបន្តនីតិវិធីឃុំខ្លួន ប្រធានរបស់ខ្លួនលោក កឹម សុខា ទាំងមានអភ័យឯកសិទ្ធិសភាជាដើម។
ប៉ុន្តែ ប្រធានក្រុមតំណាងរាស្ត្របក្សប្រឆាំង លោក សុន ឆ័យ ឲ្យVODដឹងនៅថ្ងៃនេះថា បើកិច្ចប្រជុំក្រុមអ្នកតំណាងរាស្ត្ររបស់លោក នៅដើមសប្តាហ៍ក្រោយ គ្មានអ្វីប្រែប្រួលទេ លោកថា គណបក្សប្រឆាំង នឹងចូលប្រជុំសភា ។
លោកថា៖ «តំណាងរាស្ត្រនៅច្រើនដែរ ដូចជានៅប្រហែល៣០នាក់ដែរ នៅក្នុងប្រទេស ហើយអ្នកដែលចេញទៅមានការងារផ្ទាល់ខ្លួនទេ។បើទោះបីយ៉ាងណាក៏ដោយយើងនៅមានតំណាងរាស្ត្រអាចទៅចូលរួមប្រជុំបាន»។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា លើកឡើងថា គណបក្សប្រឆាំង គួរយកបញ្ហានយោបាយ ដែលកំពុងចម្រូងចម្រាសបច្ចុប្បន្ន ទៅជជែកដេញដោលក្នុងសភា ដោយថា ដើម្បីជមរុញឲ្យមានដំណោះស្រាយនយោបាយ ទោះបីខ្លួនដឹងថា បក្សកាន់អំណាច កំពុងមានប្រៀបក៏ដោយ។
លោកថា៖ «ពាក់ព័ន្ធនឹងការទាមទារឲ្យមានការដោះលែង [លោក កឹម សុខា] ពាក់ព័ន្ធនឹងការជំរុញឲ្យគណបក្សកាន់អំណាច រក្សាស្ថានភាពនយោបាយឲ្យវិលមករកស្ថានភាពដើមវិញ កុំឲ្យស្ថិតក្នុងស្ថានភាពតានតឹង ធ្វើឲ្យមានការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិ ធ្វើឲ្យពិបាកក្នុងការប្រកួតប្រជែង ។ដូចនេះគណបក្សប្រឆាំង អាចគិតបញ្ហានេះ ធ្វើជាបញ្ហាចំបង លើករបៀវារៈនៃការប្រជុំទាំងនៃកិច្ចពិភាក្សានេះ»។
អ្នកវិភាគនយោបាជើងចាស់ លោក បណ្ឌិត ឡៅ ម៉ុងហៃ ធ្លាប់អះអាងថា របបដឹកនាំបច្ចុប្បន្ន មានលំនាំបែបកុម្មុយនីស្ត ដោយថារបបនោះ បានយកប្រព័ន្ធតុលាការ ធ្វើជាឧបករណ៍នយោបាយ សម្រាប់កម្ទេចដៃគូប្រកួត។
លោក ឡៅ ម៉ុងហៃ ផ្តល់អានុសាសន៍ថា ដើម្បីជំរុញ យន្តការប្រជាធិបតេយ្យនៅកម្ពុជា គេត្រូវធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដ៏ជាក់លាក់មួយ៕
សរសេរមកកាន់ លោក ញឹម សុខន តាមរយៈ sokhorn@vodhotnews.com
Comments
Post a Comment