មន្រ្តីដែលជាទីប្រឹក្សាជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ យល់ថា ទង្វើមួយរយៈកាលចុងក្រោយនេះរបស់គណបក្សកាន់អំណាច គឺជាទង្វើដ៏អាក្រក់បំផុតដែលអាចនាំអោយកម្ពុជា បាត់បង់ផលប្រយោជន៍រួម ។
លោក គង់ គាំ បានព្រមានចំពោះទង្វើរបស់គណបក្សកាន់អំណាចដែលកំពុងចង់បំបាត់សម្លេងគណបក្សប្រឆាំងនៅកម្ពុជា ដើម្បីបានក្ដោបក្ដាប់អំណាចបន្តទៀត ។ នេះបើយោងតាមការថ្លែងរបស់លោ ក គង់ គាំ នៅក្នុងកម្មវិធីរំលឹកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ - ២៣ តុលា ២០១៧ នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សសង្រ្គោះជាតិ ស្ថិតនៅរាជធានីភ្នំពេញ កាលពីម្សិលមិញនេះ ។

លោក គង់ គាំ ក៏បានបន្យល់ថា នៅពេលនេះ កម្ពុជាកំពុងប្រឈមទៅនឹងវិបត្តិមួយដ៏ធ្ងន់ធ្ងរសម្រាប់ កម្ពុជា ដែលចាំបាច់ត្រូវទាមទារអោយអន្តរជាតិជួយដល់កម្ពុជា ។ លោកក៏បានបញ្ជាក់ដែរថា កម្ពុជា គឺប្រៀបបានដូចជាកំពុងស្ថិតនៅក្នុងមាត់ជ្រោះ ដែលជាស្ថានការណ៍ដ៏អាក្រក់បំផុត ជាពិសេសគឺការ ប៉ះពាល់រដ្ឋធម្មនុញ ព្រោះតែរដ្ឋធម្មនុញរបស់ខ្មែរកំពុងត្រូវបានគេជាន់ឈ្លី ៖ « ស្ថានការណ៍ជាក់ស្ដែង បច្ចុបន្ននេះ នៅនឹងមាត់ជ្រោះមហន្តរាយខ្លាំងណាស់ និយាយពីរដ្ឋធម្មនុញនឹង វាបាត់ពហុបក្សហើយ។ ដូច្នេះសូមកុំយកលេសបាត់មួយយក៥នឹង បានតែប៉ុន្មានខែនឹងទេ ដល់ទៅបោះឆ្នោតប្រជែង ២០១៨ សូន្យទាំងអស់ » ។
ការថ្លែងលើកឡើងរបស់លោក គង់ គាំ នាពេលនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍នយោបាយកំពុងតានតឹងខ្លាំង ។ លោក គង់ គាំ បានព្យាយាមដាស់តឿនដល់គណបក្សកាន់អំណាចថា អោយ ពិចារណាអោយបានល្អិតល្អន់ មុននឹងសម្រេចចិត្តធ្វើការងារទាំងប្រថុយប្រថានដូចនាពេលបច្ចប្បន្ន នេះ ។

មន្ត្រីច្បាប់ជាន់ខ្ពស់ នៃគណៈកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) លោក ឃីងស្លី អាបុត្ត (Kingsley Abbott) គ្រោងសរសេរលិខិតកោះប្រជុំប្រទេសម្ចាស់ហត្ថលេខីពីសន្ធិសញ្ញាទីក្រុងប៉ារីស
ក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុអាស៊ីសេរី លោកថា លិខិតរបស់ពួកលោក នឹងផ្ញើទៅប្រទេសដែលជាសហប្រធាន នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺប្រទេសបារាំង និងឥណ្ឌូណេស៊ី ព្រមទាំងផ្ញើទៅរដ្ឋាភិបាលទាំង១៩ ដែលបានចុះហត្ថលេខាដែរ។
លោកបញ្ជាក់ថា អ្វីដែលគួរចងចាំនោះគឺថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស មិនត្រឹមតែជាឯកសារកត់ត្រាទុកនូវការប្ដេជ្ញាចិត្តក្នុងការធានានូវសេរីភាពមូលដ្ឋានសំខាន់ៗ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែមាត្រា២៩ ចែងថា នៅពេលណាមានការរំលោភបំពាន ឬមានការគំរាមកំហែងដល់កិច្ចព្រមព្រៀងនេះ ដោយមានការស្នើឡើងពីអគ្គលេខាធិការអង្គការសហប្រជាជាតិ សហប្រធាននៃកិច្ចព្រមព្រៀង នឹងកោះអោយមានការពិគ្រោះយោបល់ជាបន្ទាន់ក្នុងចំណោមសមាជិកទាំងអស់នៃសន្និសីទក្នុងប៉ារីសស្ដីពីកម្ពុជា ដើម្បីចាត់វិធានការសមស្រប ក្នុងការធានាអោយមានការគោរពការប្ដេជ្ញាចិត្តទាំងឡាយដែលចែងនៅក្នុងកិច្ចព្រមព្រៀងនេះ។

ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស បានរលាយចូលរដ្ឋធម្មនុញ្ញរបស់ជាតិអស់ហើយ។ លោកបន្ថែមថា ការអំពាវនាវឲ្យមានការកោះប្រជុំប្រទេសហត្ថលេខីកិច្ចព្រមព្រៀងប៉ារីសគឺជារឿងដែលមិនអាចទៅរួចនោះឡើយ ។
ផ្ទុយពីលោក ហ៊ុន សែន ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងស្ថិតនៅក្នុងមន្ទីរឃុំឃាំងត្រពាំងផ្លុងនៅឯខេត្តត្បូងឃ្មុំ បានសរសេរសារលិខិតមួយច្បាប់ចេញពីពន្ធនាគារ អំពាវនាវដល់សហគមន៍អន្តរជាតិ ជួយដល់ប្រទេសកម្ពុជាជាបន្ទាន់ ។
តាមរយៈលិខិតអបអរសាទររបស់លោកជាមួយនឹង ថ្ងៃរំលឹកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣ តុលា ឆ្នាំ១៩៩១ - ២៣ តុលា ២០១៧ លោក កឹម សុខា យល់ថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស គឺជាថ្ងៃដែលនាំ អោយកម្ពុជាអាចបញ្ចប់សង្រ្គាមបាន ។

លោក កឹម សុខា បានបញ្ជាក់ថា មានតែសហគមន៍អន្តរជាតិតែប៉ុណ្ណោះ ជាពិសេសគឺប្រទេសដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនេះ ដែលអាចជួយអោយកម្ពុជារួចផុតពីវិបត្តិនយោបាយដ៏តានតឹងនាពេលនេះបាន ។
លោកបានបន្តថា ប្រសិនបើប្រទេសជាហត្ថលេខីទាំងនោះ និងភាគីខ្មែរ មិនព្រមរកដោះស្រាយណាមួយដែលសមរម្យដើម្បីដោះស្រាយបញ្ហានាពេលនេះអោយទាន់ពេលវេលានោះទេ កម្ពុជានឹងអាចជួបផលអាក្រក់ ហើយរារាំាងដល់ដំណើរការអភិវឌ្ឍន៍ជាតិដូចដែលកកម្ពុជាជួបប្រទះកាលពីមុនមានកិច្ចព្រមព្រៀងសន្តិភាពនេះ ៕ អត្ថបទព័ត៌មានមួយនេះយើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ៕
Comments
Post a Comment