មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ និងជាប្រធានក្រុមការងារនៃគណបក្សមួយនេះប្រចាំខេត្ត ព្រះសីហនុ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានមន្ទូលលើកឡើងថា បើទោះបីជាកម្ពុជាកំពុងមានព្រឹត្តិការណ៍កើតឡើង ហើយមានស្ថានភាពបែបណាក៏ព្រះអង្គមិនចាកចេញពីគណបក្សសង្រ្គោះជាតិដែរ ។
មានបន្ទូលតាមរយៈគណនីហ្វេសប៊ុករបស់ព្រះអង្គ ដោយផ្ទាល់ កាលពីថ្ងៃទី២៦ ខែតុលា ម្សិលមិញ នេះ ព្រះអង្គម្ចាស់បានបញ្ជាក់ថា ព្រះអង្គនឹងនៅតែរក្សាស្មារតីដែលជាសេចក្ដីសម្រេចកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១២ ៖ « ទោះជាមានព្រឹត្ដិការណ៍យ៉ាងណា ក៏ខ្ញុំនៅតែ រក្សាស្មារតីសេចក្ដី សម្រេច ថ្ងៃទី ១៧ ខែកក្ដា ឆ្នាំ ២០១២ នេះដែរ » ។
សេចក្ដីសម្រេចនេះ គឺជាការរួបរួមគ្នារវាងគណបក្សនយោបាយទាំងពីរ គឺគណបក្ស សម រង្ស៊ី ដឹកនាំដោយលោក សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដឹកនាំដោយលោក កឹម សុខា នៅឯទីក្រុងម៉ានីល ប្រទេសហ្វ៊ីលីពីន ។
សេចក្ដីសម្រេចកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១២ ដែលព្រះអង្គម្ចាស់លើកឡើងបញ្ជាក់ជំហរស្មារតីមិនព្រមបំបាត់ចោលនេះ គឺជាការរួបរួមរវាងគណបក្សនយោបាយទាំងពីរនេះ ដែលផ្ដើមបង្កើត អោយមានគណបក្សសង្រ្គោះជាតិដូចសព្វថ្ងៃ ។ សេចក្ដីសម្រេចក្នុងកាលនោះ មានជំនួន៥ ចំណុច ដែលបញ្ជាក់ពីការរួបរួមគ្នារបស់គណបក្សទាំងពីរនេះ ក្រោមហេតុផលស្របតាមឆន្ទៈរបស់ប្រជាពលរដ្ឋខ្មែរ ។
បន្ទូលលើកឡើងរបស់ទ្រង់ ស៊ីសុវត្ថិ ធម្មិកោ នាពេលនេះ ធ្វើឡើងចំពេលដែលស្ថានការណ៍នយោបាយក្នុងប្រទេសកំពុងឡើងកម្ដៅ ខណៈដែលគណបក្សសង្រ្គោះជាតិដែលជាគណបក្សប្រឆាំងដ៏ធំមួយនៅកម្ពុជាកំពុងប្រឈមនឹងការរំលាយ និងបាត់បង់អាសនៈនៅរដ្ឋសភា ក្រោយពេលដែលអង្គព្រះមហាក្សត្របានឡាយ ព្រះហត្ថលេខាលើច្បាប់ទាំង៤ថ្មី ដែលស្នើឡើងដោយសមាជិកសភា គណបក្សកាន់អំណាចចំពោះការបើកផ្លូវអោយបែកចែកអាសនៈ ។
លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា នឹងរំលាយគណបក្សនេះយ៉ាងពិតប្រាកដ និងបានបន្តធ្វើការអូសទាញសមាជិករបស់គណបក្សប្រឆាំង ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់លើអោយ ចុះចូលជាមួយនឹងគណបក្សនយោបាយរបស់លោក ។ លោកបានលើកឡើងថា ប្រសិនបើអ្នកទាំង នោះចុះចូលជាមួយនឹងលោក នឹងអាចរក្សាបានតំណែងជាធម្មតា ។
ជាការពិតមែន ក្រោយការប្រកាសរបស់លោកបែបនេះ ក៏មានតំណាងរាស្រ្តបក្សប្រឆាំងមួយរូបមណ្ឌ លព្រៃវែង និងសមាជិកនៅថ្នាក់មូលដ្ឋានមួយចំនួនរបស់គណបក្សប្រឆាំងបានចុះចូលជាមួយនឹង លោកមែន ។ កាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដល់តំណែងអោយអតីតសមាជិករបស់គណបក្សប្រឆាំងដែលបានចុះចូលជាមួយនឹងលោកពិតមែន គឺទទួលបានតំណែងជាទីប្រឹក្សារបស់លោក ។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ បានមានបន្ទូលទាំងប្រយោលនៅលើគណនីហ្វេសប៊ុករបស់ព្រះអង្គជាថ្មីម្ដងទៀតនាព្រឹកមិញនេះថា គណបក្សសង្រ្គោះជាតិមិនងាយនឹងអាចបំបែកបាក់បាននោះទេ ពី ព្រោះគណបក្សមួយនេះមានការរៀបចំដឹកនាំជាប្រព័ន្ធ ពោលគឺមិនមែនជាការដឹកនាំដោយថៅកែ នោះឡើយ ៖ « យើងមានការដឹកនាំជា ប្រព័ន្ធ មិនមែនដឹកនាំដោយ ថៅកែទេ » ។
បន្ថែមពីលើបន្ទូលទាំងប្រយោលមិនសម្ដៅទៅឈ្មោះគណបក្សនយោបាយណាមួយ ឬក៏បុគ្គលណា មួយនោះ ព្រះអង្គម្ចាស់ក៏បានបញ្ជាក់ទៀតថា គណបក្សសង្រ្គោះជាតិមិនមែនជាគណបក្សហ្វ៊ុនស៊ិន ប៉ិច ដែលត្រូវបានគេបំបែកបំបាក់បានជោគជ័យនោះឡើយ ៕
ទោះជាយ៉ាងណា អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានប្រកាសពីប្រទេសអ៊ីតាលីនៅថ្ងៃនេះមកដែរថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន មិនអាចរំលាយគណបក្សនេះបានជាដាច់ខាត ព្រោះអន្តរជាតិកំពុងដាក់សម្ពាធស្ទើរគ្រប់កន្លែងទៅហើយ ក្នុងនោះមានដូចជាសហភាព
អន្តរសភា តំណាងអោយប្រទេស ១៧៣ ប្រទេស សហរដ្ឋអាមេរិក ស៊ុយអែត អូស្រ្តាលី សហគមន៍អឺរ៉ុប និងបណ្ដាប្រទេសសំខាន់ៗជា ច្រើនទៀត ៕
Comments
Post a Comment