លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា នឹងនៅតែបន្តផ្ដល់តំណែងជាធម្មតាទៅដល់មេឃុំចៅសង្កាត់ ឬក៏សមាជិកគណបក្សសង្រ្គោះជាតិណាមួយដែលចុះចូលជាមួយនឹងគណបក្សប្រជាជនរបស់លោក ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈបទសម្ភាសន៍ជាមួយនឹងវេបសាយហ្រ្វេសញ៉ូ ដែលស្និតនឹងរដ្ឋាភិបាលនៅថ្ងៃទី២២ ខែតុលា នេះ លោកបានប្រកាសថា សមាជិករបស់គណបក្សសង្រ្គោះជាតិប្រាកដជានឹងអាចរក្សាបាននូវតំណែងជាធម្មតា ក្នុងករណីដែលអ្នកទាំងនោះចុះចូលជាមួយនឹង គណបក្សប្រជាជនរបស់លោក ។ ៖ « ឥឡូវខ្ញុំសូមផ្តាំមេឃុំ-ចៅសង្កាត់របស់គណបក្សសង្រ្គោះជាតិ ឬជំទប់ ឬសមាជិករបស់សង្រ្គោះជាតិ បើអ្នកចង់រក្សាជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្តូរជីវភាពមកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ » ។

នៅក្នុងបទសម្ភាសន៍ដដែលនេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា គណបក្ស សង្រ្គោះជាតិប្រាកដជានឹងត្រូវរំលាយយ៉ាងពិតប្រាកដ ។ លោកបន្តថា ក្រោយពេលត្រូវរំលាយហើយ តំណែងជាមេឃុំ ឬចៅសង្កាត់គឺមិនអាចនៅបន្តធ្វើទៀតបានឡើយ ។ លោកបញ្ជាក់បែបនេះ ៖ « ក៏ប៉ុន្តែនៅពេលបក្សរលាយអ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែបើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញពីគណបក្សណុង ហើយសូមចូលគណបក្សប្រជាជន។ អ៊ីចឹងយើងរៀបចំបញ្ជីឈ្មោះឡើងវិញ ដាក់ក្នុងកូតាជាប់ជាចៅសង្កាត់ ឬ មេឃុំនៅនឹងតែម្តង »។
ក្រោយការប្រកាសរបស់លោកបែបនេះមិនបានប៉ុន្មានម៉ោងផង នៅរសៀលថ្ងៃនេះ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក ឡុង ប៊ុន្នី ប្រចាំមណ្ឌលព្រៃវែង ១រូប បានប្រកាសដាក់លិខិតគោរពជូនលោក ហ៊ុន សែន ដើម្បីចុះចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
នៅក្នុងលិខិតរបស់លោក ឡុង ប៊ុន្នី បានសរសេរសុំចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា និងបានចោទលោក កឹម សុខា ប្រធានគណបកស្សង្រ្គោះជាតិថា បានប្រព្រឹត្តអំពើក្បត់ជាតិដូចរដ្ឋាភិបា លបានចោទកន្លងមកដែរ ។

កាលពីថ្ងៃទី១៦ ខែតុលា កន្លងទៅនេះ សេចក្តីស្នើច្បាប់ចំនួន៤ ដែលពាក់ព័ន្ធនឹងការរំលាយគណបក្សនយោបាយ ដែលត្រូវបានសភាពេញអង្គបានអនុម័ត មាន ៖ ១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំព្រឹទ្ធសភា ៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។
សហគមន៍អន្តរជាតិ មានទាំងមហាអំណាច និងម្ចាស់ជំនួយធំៗរបស់កម្ពុជាជាច្រើន កំពុងថ្កោលទោសលើរដ្ឋាភិបាលកម្ពុជាចំពោះការផ្ដើមអនុម័តអោយមានការកែប្រែច្បាប់បែកចែកអាសនៈនៅរដ្ឋសភា ខណៈគណបក្ស សង្រ្គោះជាតិអាចជាគណបក្សទី១ដែលនឹងត្រូវរំលាយ នៅពេលដែល
ច្បាប់មួយនេះចូលជាធរមាន ដាក់អោយប្រើប្រាស់ជាផ្លូវការនោះ ។

សមាជិកសហភាពអឺរ៉ុប លោកស្រី Barbara Lochbihler បានប្រាប់អោយដឹង ថា សហភាពអឺរ៉ុបកំពុងតែធ្វើការពិចារណាទាក់ទិនជាមួយទៅនឹងការដាក់ទណ្ឌកម្មលើកម្ពុជា ជាពិសេសនោះគឺការបិទការលើកលែងការអនុគ្រោះសម្រាប់ការនាំទំនិញកម្ពុជាចូលទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប ប្រសិនបើរដ្ឋាភិបាលបន្តសកម្មភាពបែបនេះទៀត ។
ក្រៅពីនេះ សហភាពអន្តរសភាដែលតំណាងអោយប្រទេសចំនួន១៧៣ ប្រទេសនោះ ក៏បានអនុម័តច្បាប់ថ្កោលទោសលើរដ្ឋាភិបាលគណបក្សប្រជាជនផងដែរ ករណីដែលរដ្ឋាភិបាលមួយនេះបានអនុ ម័តកែប្រែច្បាប់ដែលបើកផ្លូវអោយបែកចែកអាសនៈ ។
ជាងនេះទៀត សន្និសីទសារព័ត៌មានដែលធ្វើឡើងកាលពីថ្ងៃទី១៩ តុលា កន្លងទៅ រដ្ឋាភិបាល និងសភាស៊ុយអ៊ែត មានការព្រួយបារម្ភផ្នែកសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាដើរថយក្រោយជាខ្លាំង ក្រោយពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជាកំពុងជាប់គាំង ។ ប្រទេសស៊ុយអែតថែមទាំងបាន ព្រមានថា អាចនឹងកាត់ផ្ដាច់ទំនាក់ទំនងជាមួយកម្ពុជាទៀតផង បើកម្ពុជាបន្តធ្វើបែបនេះទៀត ៕
Comments
Post a Comment