ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ចេញប្រតិកម្មតបទៅសម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ។
ព្រះអង្គ ប៊ុត ប៊ុនតិញ បានមាន ព្រះថេរដីការលើកឡើងថា បើសិនជាទ្រង់ខ្លាំងមែន គួរណាតែទៅប្ដឹងទាមទារយកកោះត្រល់ដែលជារបស់ខ្មែរមកវិញ មិនមែនប្ដឹងទៅគណបក្សនយោបាយ ហើយព្យាយាមចោទគណបក្សគេថា ជាគណបក្សក្បត់ជាតិនោះទេ ៖ « ម្សិលមិញលោកលើកឡើងថា អោយតែនរណាម្នាក់មកបំផ្លាញប្រទេសជាតិ លោកនឹងមិនអត់អោនដាច់ខាត ចុះអ្នកដែលសញ្ញេអោយបាត់បង់កោះត្រង់ ចុះអ្នកដែលធ្វើឱ្យ អោយការបោះព្រំដែលនឹងប៉ះពាល់ដល់បូរណភាពទឹកដីខ្មែរ ចុះអ្នកធ្វើអោយប៉ះពាល់ដល់ធនធាន ធម្មជាតិខ្មែរ » ។

ព្រះថេរដីការលើកឡើងរបស់ព្រះអង្គ ប៊ុត ប៊ុនតិញ យ៉ាងដូច្នេះ ធ្វើឡើងតាមរយៈវីដេអូឃ្លីបរបស់ព្រះអង្គបង្ហោះចូលទៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកកាលពីថ្ងៃទី២១ តុលា ម្សិលមិញនេះ នៅខណៈ ដែលព្រះអង្គកំពុងមានព្រះវត្តមានគង់នៅលើទឹកដីសហរដ្ឋអាមេរិកនៅឡើយ ។
តាមរយៈវីដេអូឃ្លីប ដែលមានរយៈពេលជិត១០នាទីនេះដែរ ព្រះអង្គ ប៊ុត ប៊ុនតិញ បានផ្ដាំផ្ញើទៅ សម្ដេចក្រុមព្រះថា បើពិតជាខ្លាំងមែន គួរណាតែទៅដាក់ពាក្យប្ដឹងយកកោះត្រល់ និងប្រឆាំងជាមួយ នឹងអ្នកដែលបំផ្លាញធនធានធម្មជាតិខ្មែររបស់់ខ្មែរ ក៏ដូចជាអ្នកដែលធ្វើអោយបាត់បង់ទឹកដីរបស់ខ្មែរ មិនមែនទៅដាក់ពាក្យប្ដឹងគណបក្សនយោបាយមួយដែលគេខំប្រឹងដើម្បីប្រទេសជាតិនោះទេ ។
តាមការ មានបន្ទូលើកឡើងរបស់សម្ដេចក្រុមព្រះជាមួយនឹងអ្នកសារព័ត៌មានក្នុងស្រុកនៅថ្ងៃទី២១ តុលា ម្សិលមិញនេះ សម្ដេចក្រុមព្រះ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ទ្រង់បានលើកឡើងថា ព្រះអង្គមិនទុកអោយអ្នកណាម្នាក់មកបំផ្លាញកម្ពុជានោះទេ ពោលគឺដាច់ខាតនឹងកម្ចាត់អ្នកទាំងនោះ។

សម្ដេចក្រុមព្រះ ដែលជាម្ចាស់ដើមផ្ដើមអោយមានការដាក់ពាក្យប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ ដូចគ្នាជាមួយនឹងគណបក្សយុវជនកម្ពុជាដែរនោះ ក៏បានហៅលោក កឹម សុខា ប្រធានគណបក្ស សង្រ្គោះជាតិថា ជាជនក្បត់ជាតិដូចមន្រ្តីរដ្ឋាភិបាលដទៃផ្សេងទៀតដែរ។ សម្ដេចក្រុមព្រះថា លោក កឹម សុខា គឺជាជនក្បត់ជាតិហើយ ដូច្នេះបក្សនេះត្រូវតែរំលាយចោល៖ « ខ្ញុំឱ្យតែនរណាមកបំផ្លាញជាតិកម្ពុជា ខ្ញុំប្រឆាំងដាច់ខាត» ។
តាមរយៈបទសម្ភាសន៍នេះ សម្ដេចក្រុមព្រះបានមានបន្ទូលការពារពាក្យបណ្ដឹងប្ដឹងរំលាយ គណបក្សសង្រ្គោះជាតិ ។ ទ្រង់យល់ថា អ្វីដែលទ្រង់ និងគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងធ្វើនាពេលនេះ គឺជារឿងត្រឹមត្រូវបំផុត ក្រោមហេតុផលថា លោក កឹម សុខា ដែលកំពុងត្រូវបានតុលាការបន្តធ្វើការ ឃុំខ្លួននាពេលនេះ បានធ្វើខុសជាមួយនឹងបណ្ដាំរបស់សម្ដេចតា និងបានប្រព្រឹត្តអំពើមួយដែលក្បត់ ជាតិដែលមិនអាចត្រូវបានលើកលែងទោសដាច់ខាតឡើយ ។

ក្រៅពីនេះទៀត ទ្រង់រណឬទ្ធិ ថែមទាំងបានអំពាវនាវដល់តុលាការកំពូលដែលកំពុងបន្តនីតិវិធីរឿងក្ដី ប្ដឹងរំលាយគណបក្សសង្រ្គោះជាតិពីក្រុមមេធាវីរបស់ក្រសួងមហាផ្ទៃទាំង៥នាក់នោះ អោយជួយអនុវត្តអោយបានលឿនបំផុតក្នុងការរំលាយគណបក្សសង្រ្គោះជាតិ ។
យ៉ាងណាក៏ដោយ ព្រះអង្គ ប៊ុត ប៊ុនតិញ មានព្រះថេរដីការថា បើសិនជាសម្ដេចក្រុមព្រះមិនចង់អោយមាន ឈ្មោះអាក្រក់ខ្លាំងជាងនេះទេ គួរបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ។ ព្រះអង្គ ប៊ុត ប៊ុនតិញ បានបញ្ជាក់ថា អ្វីដែលសម្ដេចក្រុមព្រះ និងគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងធ្វើនេះ វាមិនមែនជារឿងល្អ ហើយក៏មិនមែនជាការនាំផលប្រយោជន៍ដល់ជាតិខ្មែរនោះទេ ប៉ុន្តែនឹងធ្វើអោយកម្ពុជាកាន់ តែទទួលផលអាក្រក់លើសដើម ៕
Comments
Post a Comment