អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពិវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៧ នេះ
អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បានអំពាវនាវដល់សមាជិករបស់គណបក្សប្រឆាំងទាំងថ្នាក់លើ និងថ្នាក់មូលដ្ឋានថា ត្រូវតែរឹងមាំ និងតស៊ូបន្តទៀត ព្រោះបើតស៊ូនឹងអាចទទួលបានជោគជ័យយ៉ាងពិតប្រាកដ ។
លោក សម រង្ស៊ី ដែលកំពុងស្ថិតនៅក្នុងទីក្រុងរ៉ូម ប្រទេស អ៊ីតតាលី នៅឡើយ បានថ្លែងលើកឡើងថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដឹងខ្លួនយ៉ាងច្បាស់ថា ពួកគេនឹងមិនអាចធ្វើការរំលាយគណបក្សសង្រ្គោះជាតិចោលបាននោះទេ ទើបពួកគេបានសម្រេចចិត្តប្រើល្បិចអំពាវនាវដល់សមាជិកបក្សសង្រ្គោះជាតិអោយចុះចូល ហើយចុងក្រោយអាចនឹងប្រាប់វិញថា នឹងមិនរំលា យ ក្រោមហេតុផលមួយចំនួន ។
ប៉ុន្តែសម្រាប់លោក សម រង្ស៊ី វិញយល់ថា ការណ៍ដែលរដ្ឋាភិបាលមិនអាចធ្វើការរំលាយគណបក្ស សង្រ្គោះជាតិបាន ដោយសារតែសម្ពាធពីសហគមន៍អន្តរជាតិស្ទើរគ្រប់តំបន់ ជាពិសេសគឺប្រទេស ដែលជាម្ចាស់ជំនួយ និងជាប្រទេសទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាតែម្ដង ៖ « រដ្ឋាភិបាលលោក ហ៊ុន សែន គឺគេបានលុបចោលហើយ គម្រោងរំលាយគណបក្សសង្រ្គោះជាតិ គឺមិនអាច ទៅរួច ដូចខ្ញុំប្រាប់ពីដើមហើយ អ្នកណាចង់រំលាយគណបក្សសង្រ្គោះជាតិនឹងរលាយខ្លួនឯង » ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន ធ្លាប់បានប្រកាសថា នឹងរំលាយគណបក្សនេះយ៉ាងពិតប្រាកដ និងបានបន្តធ្វើការអូសទាញសមាជិករបស់គណបក្សប្រឆាំង ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់លើអោយ ចុះចូលជាមួយនឹងគណបក្សនយោបាយរបស់លោក ។ លោកបានលើកឡើងថា ប្រសិនបើអ្នកទាំង នោះចុះចូលជាមួយនឹងលោក នឹងអាចរក្សាបានតំណែងជាធម្មតា ។
ជាការពិតមែន ក្រោយការប្រកាសរបស់លោកបែបនេះ ក៏មានតំណាងរាស្រ្តបក្សប្រឆាំងមួយរូបមណ្ឌ លព្រៃវែង និងសមាជិកនៅថ្នាក់មូលដ្ឋានមួយចំនួនរបស់គណបក្សប្រឆាំងបានចុះចូលជាមួយនឹង លោកមែន ។ កាលពីព្រឹកមិញនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ដល់តំណែងអោយអតីតសមាជិករបស់គណបក្សប្រឆាំងដែលបានចុះចូលជាមួយនឹងលោកពិតមែន គឺទទួលបានតំណែងជាទីប្រឹក្សារបស់លោក ។
អនុប្រធានគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង កាលពីថ្ងៃទី២៤ តុលា បានថ្លែងអំពាវនាវទៅដល់សមាជិករបស់គណបក្សសង្រ្គោះជាតិ អោយរក្សាឆន្ទៈរបស់ប្រជាពលរដ្ឋដែលខំ បោះឆ្នោតជូនអោយបាន ។
លោក អេង ឆៃអ៊ាង បានបង្ហាញក្ដីជឿជាក់ថា ទោះបីជាកម្ពុជា ជាពិសេសគណបក្សប្រឆាំងកំពុងរងសម្ពាធខ្លាំងពីគណបក្សកាន់អំណាច តាមរយៈការចាប់ខ្លួនមេបក្សប្រឆាំង ការចាប់ខ្លួនសកម្មជនបក្ស ប្រឆាំង ការប្ដឹងរំលាយគណបក្សសង្រ្គោះជាតិ និងការធ្វើច្បាប់អោយបែកចែកអាសនៈរបស់គណបក្ស នៅរដ្ឋសភានោះ គឺគ្រាន់តែជាហេតុការណ៍មួយគ្រាប៉ុណ្ណោះ ។ លោកថា សហគមន៍អន្តរជាតិនឹងមិនបណ្ដោយអោយកម្ពុជាធ្លាក់ចូលទៅក្នុងអតីតកាលដ៏ជូចត់ទៀតនោះទេ ។
មិនខុសពីលោក អេង ឆៃអ៊ាង ថ្លែងនោះទេ លោក សម រង្ស៊ី ដែលធ្លាប់បានដឹកនាំគណបក្សសង្រ្គោះ ជាតិអស់រយៈពេលពាក់កណ្ដាលអាណត្តិមុនពេលប្រកាសលាលែងនោះ បានជឿជាក់ថា រដ្ឋាភិបាល របស់លោក ហ៊ុន សែន មិនអាចរំលាយគណបក្សនេះបានជាដាច់ខាត ព្រោះអន្តរជាតិកំពុងដាក់សម្ពាធស្ទើរគ្រប់កន្លែងទៅហើយ ។ ក្នុងនោះមានដូចជាសហភាពអន្តរសភា តំណាងអោយប្រទេស ១៧៣ ប្រទេស សហរដ្ឋអាមេរិក ស៊ុយអែត អូស្រ្តាលី សហគមន៍អឺរ៉ុប និងបណ្ដាប្រទេសសំខាន់ៗជា ច្រើនទៀត ។
យ៉ាងណាក៏ដោយចុះ វិសោធនកម្មច្បាប់ទាំង៤ ដែលបើកផ្លូវអោយបែកចែកអាសនៈរបស់គណបក្ស ក្នុងរដ្ឋសភានោះ ត្រូវបានអង្គព្រះមហាក្សត្រឡាយព្រះហត្ថលេខាដាក់អោយប្រើប្រាស់ជាផ្លូវការហើយ ខណៈអន្តរជាតិជុំវិញកម្ពុជារិះគន់លើច្បាប់ថ្មីនេះថា ជាការសម្លាប់កម្ពុជាខ្លួនឯង និងប៉ះពាល់ ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ៕
Comments
Post a Comment