From RFA គណៈប្រតិភូសភាអឺរ៉ុប ព្រមានរដ្ឋាភិបាលកម្ពុជាថា អឺរ៉ុបអាចនឹងចាត់វិធានការ ជុំវិញជំនួយផ្នែកអភិវឌ្ឍ និងការអនុគ្រោះពន្ធ ប្រសិនបើស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា នៅតែមានភាពដុនដាបខ្លាំង ដោយសារការធ្វើទុក្ខបុកម្នេញ គណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ ប៉ុន្តែក្រសួងការបរទេសកម្ពុជា បកស្រាយផ្ទុយ ពីការលើកឡើងរបស់គណៈប្រតិភូសភាអឺរ៉ុបវិញ។
លោកបណ្ឌិត វែនើរ ឡានហ្គែន (Werner Langen) ដែលជាប្រធានគណៈប្រតិភូរបស់សភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន បានរម្លឹករដ្ឋាភិបាលកម្ពុជា ឲ្យចងចាំថា សហភាពអឺរ៉ុប គឺជាអ្នកចូលរួម សម្រេចលើបញ្ហាថវិកា និងពាណិជ្ជកម្ម។ ដូច្នេះ ស្ថានភាពធ្ងន់ធ្ងរ នៃការរំលោភសិទ្ធិមនុស្សនៅកម្ពុជា នឹងប៉ះពាល់ ដល់ការសម្រេច លើកម្មវិធីផ្ដល់ជំនួយអភិវឌ្ឍ និងការអនុគ្រោះពន្ធដល់ប្រទេសកម្ពុជា។
នៅក្នុងសេចក្ដីថ្លែងការណ៍ របស់សភាអឺរ៉ុប កាលថ្ងៃទី៣១ ខែតុលា នេះ លោក វែនើរ ឡានហ្គែន ទទួលស្គាល់ ថាប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយៈការវិវត្ត ក្នុងការកាត់បន្ថយភាពក្រីក្រ និងចំណុចវិជ្ជមាន នៃទំនាក់ទំនងរបស់សហគមន៍អឺរ៉ុប និងកម្ពុជា តាមរយៈការអនុគ្រោះពន្ធ។ ក៏ប៉ុន្តែ លោកបញ្ជក់ ថាគណៈប្រតិភូសភាអឺរ៉ុប សម្បែងក្ដីព្រួយបារម្ភយ៉ាងខ្លាំង អំពីស្ថានការណ៍នយោបាយ និងសិទ្ធិមនុស្សបច្ចុប្បន្ននៅកម្ពុជា។ លោកបណ្ឌិត វែនើរ ឡានហ្គែន ក្រើនរម្លឹកផងដែរ ថា ដើម្បីឲ្យការបោះឆ្នោតជាតិ នៅខែកក្កដា ឆ្នាំ២០១៨ ប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ រដ្ឋាភិបាលកម្ពុជា ត្រូវតែបើកចំហ ដើម្បីឲ្យគ្រប់ភាគីទាំងអស់ មានភាពស្មើគ្នា ក្នុងការចូលរួម និងត្រូវធ្វើយ៉ាងណាឲ្យមានតម្លាភាព។ លោក វែនើរ ឡានហ្គែន បន្តថា សហភាពអឺរ៉ុបអំពាវឲ្យរដ្ឋាភិបាល ដោះលែងប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បញ្ឈប់ដំណើរប៉ុនប៉ងរម្លាយគណបក្សប្រឆាំងនេះ និងផ្ដល់សេរីភាពឡើងវិញ ដល់គណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល។
សេចក្ដីថ្លែងការណ៍ ប្រតិភូសភាអឺរ៉ុប ធ្វើឡើងក្រោយពីមន្ត្រីប្រតិភូសភាអឺរ៉ុប ស្ដីអំពីកិច្ចការអាស៊ាន ដែលមានគ្នា ៦នាក់ បានជួបពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា ពីស្ថានការណ៍តានតឹងបច្ចុប្បន្ននៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវការ២ថ្ងៃ គឺនៅថ្ងៃ៣០ និង៣១ ខែតុលា។
ឆ្លើយតបទៅនឹងការចាប់ខ្លួនប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ការប៉ុនប៉ងរម្លាយគណបក្សប្រឆាំងនេះ និងការរឹតត្បិតសេរីភាពគណបក្សនយោបាយ ប្រព័ន្ធផ្សព្វផ្សាយ និងអង្គការសង្គមស៊ីវិល ក្រសួងការបរទេសកម្ពុជា ក៏បានចេញសេចក្ដីថ្លែងការណ៍ជាឯកតោភាគី ដោយអះអាងថា ចំណាត់ការទាំងនេះ គឺធ្វើឡើងស្របតាមច្បាប់កម្ពុជា ដើម្បីពង្រឹងនីតិរដ្ឋ។ សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជាដដែល អះអាងថា គណៈប្រតិភូសភាអឺរ៉ុប បង្ហាញអំពីការចាប់អារម្មណ៍ ចំពោះការពន្យល់បកស្រាយ របស់លោករដ្ឋមន្ត្រីក្រសួងការបរទេស ប្រាក់ សុខុន។ ប៉ុន្តែកាសែត គាំទ្ររដ្ឋាភិបាលលោក ហ៊ុន សែន ឈ្មោះហ្វ្រេសញូវ (FreshNews) ថែមទាំងរាយការណ៍ ថា សហភាពអឺរ៉ុបឯកភាព និងទទួលយកហេតុផល នៃចំណាត់ការរំលោភសិទ្ធិមនុស្ស និង លទ្ធិប្រជាធិបតេយ្យទាំងនេះទៀតផង។ ប៉ុន្តែ បើតាមសេចក្ដីថ្លែងការណ៍ របស់គណៈប្រតិភូសហភាពអឺរ៉ុបខាងលើ គណៈប្រតិភូសភាអឺរ៉ុប មិនត្រឹមតែមិនឯកភាព និងមិនទទួលយកហេតុផលទាំងនេះនោះទេ ប៉ុន្តែ ថែមទាំងព្រមានរដ្ឋាភិបាលកម្ពុជា អំពីផលវិបាក នៃការបណ្ដោយឲ្យស្ថានការណ៍ដុនដាបខ្លាំង ផ្នែកសិទ្ធិមនុស្សនេះ នៅបន្តកើតមានតទៅទៀត។
នេះមិនមែនជាលើកទីមួយទេ ដែលជំនួបជាមួយមន្ត្រីបរទេស ជាមួយរដ្ឋាភិបាលកម្ពុជា ត្រូវបានបកស្រាយ ឲ្យប្រាសចាកពីសេចក្ដីពិត នៃជំហររបស់រដ្ឋាភិបាលបរទេស។ កាលពីថ្ងៃទី២៦ ខែតុលាកន្លងទៅនេះ ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី លោក ហ្វីលីព ហ្គ្រីន (Philip Green) បានបដិសេធយ៉ាងដាច់អហង្ការ អំពីការណ៍ដែលផ្សព្វផ្សាយខុស ថាអូស្ត្រាលីបង្កើនទំនាក់ទំនង ជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈពិធីចុះហត្ថលេខា ដែលអមដោយពិធីជល់ស្រាសំប៉ាញ (Champagne) ប្រសិទ្ធិពរគ្នា។ លោក ហ្វីលីព ហ្គ្រីន ថ្លែងអំពីការសោកស្ដាយយ៉ាងខ្លាំង ដែលគេយករូបភាព នៃការអបអរសាទរពិធីចុះហត្ថលេខានេះ ភ្ជាប់ជាមួយនឹងការជល់ស្រាសំប៉ាញនេះ ហើយផ្សាយមិនត្រឹមត្រូវ អំពីជំហររបស់រដ្ឋាភិបាលអូស្ត្រាលី។ ឧបការីរងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីរូបនេះ ថ្លែងបញ្ជាក់ថា រដ្ឋាភិបាលអូស្ត្រាលី មិនបានគាំទ្រចំណាត់ការណាមួយ របស់រដ្ឋាភិបាលលោក ហ៊ុន សែន ដែលព្យាយាមធ្វើឲ្យធ្លាក់ចុះដុនដាប នៃដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដូចដែលសារព័ត៌មាន ក្នុងស្រុកស្និទ្ធនឹងរដ្ឋាភិបាល មួយចំនួនរាយការណ៍នោះទេ ហើយពិធីជល់ស្រាសំប៉ាញ នោះត្រូវបានក្រសួងការបរទេស មិនបានផ្ដល់ព័ត៌មានលម្អិតជាក់លាក់ជាមុន។
ចំពោះជំហររបស់សហភាពអឺរ៉ុបវិញ កាលពីថ្ងៃទី៩ ខែតុលា សហភាពអឺរ៉ុបប្រចាំកម្ពុជា និងប្រតិភូសហភាពអឺរ៉ុប ធ្លាប់បានសំដែងការព្រួយបារម្ភ អំពីចំណាត់ការរបស់អាជ្ញាធរ ដើម្បីព្យាយាមរំលាយគណបក្សប្រឆាំងធំជាងគេនៅកម្ពុជា។ សហភាពអឺរ៉ុបថា ការព្យាយាមលុបបំបាត់គណបក្សមួយ ដែលបានទទួលសំឡេងគាំទ្ររបស់ពលរដ្ឋជាង ៤០% កាលពីបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ គឺជាការវាយប្រហារដ៏ខ្លាំងក្លា ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យ និងប៉ះពាល់ដល់ទំនុកចិត្តចំពោះដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨ ខាងមុខ។ សហភាពអឺរ៉ុប ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ពិចារណាឡើងវិញចំពោះករណីនេះ៕
Comments
Post a Comment