ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

សមាជិកសភាអាមេរិកព្រមានលោក ហ៊ុន សែន ឲ្យប្តូរគោលនយោបាយ បើមិនចង់ឃើញទណ្ឌកម្ម

វ៉ាស៊ីនតោន — កំណត់និពន្ធ៖ រដ្ឋាភិបាលកម្ពុជានៃគណបក្សគ្រប់គ្រងប្រទេសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ក្រាបគណបក្សជំទាស់ ប្រព័ន្ធសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ មុនការបោះឆ្នោតជាតិខាងមុខ។ ស្ថានការណ៍នយោបាយនេះ បានបង្កឲ្យមានប្រតិកម្មខ្លាំងពីសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក។ នៅឯអគារសភាអាមេរិក លោក សុខ ខេមរា នៃ VOA បានជួបធ្វើ កិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយលោកសមាជិកសភា ស្ទីវ ឆាបុត (Steve Chabot) មកពីរដ្ឋ អូហៃយ៉ូ (Ohio) ខាងគណបក្សសាធារណរដ្ឋ កាលពីថ្ងៃពុធទី១ ខែវិច្ឆិកា ឆ្នាំ ២០១៧ អំពីការគិតគូររបស់សមាជិកសភាអាមេរិកទាក់ទងនឹងរឿងទណ្ឌកម្ម ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួន ដែលជាប់ពាក់ពន្ធនឹងការបង្ក្រាបក្រុមជំទាស់។ ទណ្ឌកម្មដែលសមាជិកសភាកំពុងគិតគូរទាំងនោះមានដូចមានដូចជាការបង្កកទ្រព្យសម្បត្តិ និងបិទទិដ្ឋាការ​ Visa ចំពោះមន្ត្រីមួយចំនួន។ លោក ​សុខ ខេមរា៖ ​លោក​ សមាជិកសភា​ សូមអរគុណ​លោកយ៉ាងច្រើន​ដែល បាន​អនុញាតិឲ្យវីអូអេខ្មែរ ​ធ្វើកិច្ចសម្ភាសន៍​ជាមួយ​លោក​នៅថ្ងៃនេះ។​ ដូច លោកបាន​ជ្រាបស្រាប់​ហើយអំពី​ស្ថានការណ៍​នយោបាយ​កម្ពុជា​ តើសភា​ស.រ.អា អាច​ធ្វើអ្វីខ្លះ​ដើម្បី​ជួយស្រោចស្រង់​ស្ថានការណ៍​នៅពេលនេះ ​ខណៈ​ដែល​មេដឹក នាំគណបក្ស​ជំទាស់​ស្ថិតនៅ​ក្នុងពន្ធនាគារ ​ហើយ​ការ​បោះឆ្នោត​នឹងប្រព្រឹត្ត​ទៅ យ៉ាងឆាប់​ខាងមុខនេះ។ ​តើអ្វី​ទៅជាការ​ឆ្លើយតប​របស់​លោក? លោក​ ស្ទីវ ឆាបុត៖ ​ខ្ញុំគិតថា ​វាជារឿង​សំខាន់ណាស់​ដែលសភា​ស.រ.អា.​នៅតែផ្តោតការ​យកចិត្ត​ទុកដាក់​លើស្ថានការណ៍​ដ៏សែន​អភ័ព្វក្នុង​ប្រទេស​កម្ពុជា​ពេលនេះ។ ​ខ្ញុំគឺជា​សហប្រធាន​ម្នាក់នៃ​ក្រុមការងារ​សភា​ទទួល​បន្ទុក​កិច្ចការ​កម្ពុជា ដែលយើង​ផ្តោតការ​យកចិត្ត​ទុកដាក់​លើ​ជាពិសេស​នោះ។ ​ខ្ញុំគិតថា អ្វី​ដែលយើងពិត​ជាអាច​ធ្វើបាន​ គឺថា ​យើងត្រូវការ​ធ្វើឲ្យ​ប្រាកដ​ប្រជាថា​ រដ្ឋាភិបាលក្នុងប្រទេស​កម្ពុជា​ដឹងថា​ បញ្ហា​ជាច្រើន​ដែលកំពុង​បន្តកើត​ឡើង​ពេលនេះជារឿង​មិនអាច​ទទួលយក​បានទេ។​ ពលរដ្ឋកម្ពុជា​មានសិទ្ធិ​ក្នុងការ​កំណត់ថា ​តើនរណា​ជាមេដឹកនាំ​របស់ពួកគេ ​តើនរណា​ជាអ្នក​គ្រប់គ្រង​ប្រទេស ​រឿងនេះមិន​ត្រូវឲ្យមនុស្ស​តែម្នាក់ ឬ​បក្ស​តែមួយទេ​ តែពលរដ្ឋ​ត្រូវមាន​សិទ្ធិ​សម្រេច​ការណ៍នេះ ហើយរឿងនេះ​មិនទាន់​កើតមាន​នៅកម្ពុជា​ទេ។ លោក ​សុខ ខេមរា៖​ មន្ត្រីក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​បាននិយាយ​អំពីការ​បង្កកទ្រព្យសម្បតិ្ត​មន្ត្រីរដ្ឋាភិបាល​មួយចំនួន ​ឬក៏ការ​មិនផ្តល់​ទិដ្ឋការ​ទិដ្ឋាការ (Visa) នៅពេល​ខាងមុខ​ណាមួយ ​តើលោក​នៅក្នុងសភា ​ផ្តួចផ្តើម​គំនិត​នេះទេ ហើយតើ​ស្ថានការណ៍​កម្ពុជា​ឈានដល់​ដំណាក់កាល​នោះហើយ​ឬនៅ? លោក ​ស្ទីវ ឆាបុត៖​ រឿងទាំងនោះ​ គឺជារឿងរ៉ាវ​ដែលយើង​កំពុង​គិត ហើយ​ជា​រឿងរ៉ាវ​ដែលយើង​និយាយគ្នា ​ដូចជា​រឿងការ​ដាក់ទណ្ឌកម្ម​នានា ដូចជា​ការ​មិនអនុញាតឲ្យមន្ត្រី​កម្ពុជា​ជាន់ខ្ពស់​ធ្វើដំណើរ​មកកាន់​ស.រ.អា. ​ដោយមិន​ផ្តល់ទិដ្ឋការ (Visa)​ ក្នុងការ​ធ្វើដំណើរមក​ ការបង្កក​ទ្រព្យ​សម្បិត្តិ ហើយនឹងរឿង​រ៉ាវផ្សេងៗ​ជាច្រើន​ទៀតដែល​យើងកំពុង​តែគិត។​ យើងសង្ឃឹមថា​ រដ្ឋាភិបាល​កម្ពុជា នឹង​ផ្លាស់ប្តូរ​គោលនយោបាយ​របស់ខ្លួន ដើម្បីឲ្យ​ទណ្ឌកម្ម​ទាំងនោះ​ក្លាយជារឿង​អសារបង់​ ដូច្នេះពេលវេលា​នឹងបញ្ជាក់​ពីរឿងរ៉ាង​ទាំងនេះ។ លោក​ សុខ ខេមរា៖ ​តើ​នឹងប៉ះពាល់​យ៉ាងណាខ្លះ​ដល់ប្រទេស​កម្ពុជា និងមន្ត្រី​កម្ពុជាបើ​វិធានការជាទណ្ឌកម្ម​ទាំងនោះ​កើតឡើង? លោក ​ស្ទីវ ឆាបុត៖ ​បាទ ​យើងសង្ឃឹមថា​ លទ្ធភាព​នៃទណ្ឌកម្ម​ នឹងការ​ព្យួរទិដ្ឋាការ​ឬ Visa ​សិទ្ធិធ្វើដំណើរ ​ហើយនឹង​រឿងរ៉ាវ​ដូចនោះ នឹង​ធ្វើឲ្យ​រដ្ឋាភិបាល ជាពិសេស​លោក​ហ៊ុន សែន ​ឲ្យប្រយ័ត្នប្រយែង​ គឺថាទង្វើ​របស់គាត់​ជាច្រើន និងទង្វើរបស់​មន្ត្រីក្រោម​បង្គាប់គាត់​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ​គឺជារឿង​មិនអាចទទួល​យកបាន​ជាដាច់ខាត។​ ការរារាំង​ ហើយឈាន​ទៅដល់​ការបិទគណបក្ស​នយោបាយ​មួយចំនួន​ ចាប់មេដឹកនាំ​គណបក្ស​នយោបាយ​ដាក់គុក ការបង្រ្កាប​លើ​សារព័ត៌មាន​ឯករាជ្យ​ ទាំង​វិទ្យអាស៊ីសេរី​ VOA​ ទាំងនោះ​គឺជារឿងដែល​មិនអាច​ទទួលយក​បាន​ទាំងស្រុង​។ ហើយ​ខ្ញុំសង្ឃឹមថា​មេដឹកនាំក្នុងប្រទេស​កម្ពុជានឹង​ប្តូរគោល​នយោបាយ​របស់ខ្លួន​ ដើម្បី​អនុញាតឲ្យ​ពលរដ្ឋមាន​ជម្រើស​ក្នុងការ​សម្រេច​ថា តើប្រទេស​នេះត្រូវ​ដឹកនាំ​យ៉ាងណា​ ហើយតើ ជីវិត​របស់​ពួកគេ​គួរតែ​រស់យ៉ាងណា​ តើការអប់រំ ​សុខាភិបាល នឹង​វិស័យ​ជាច្រើន ផ្សេងៗទៀត​ដែរចាត់ចែង​យ៉ាងណា គឺ​ពលរដ្ឋ​ដែលត្រូវ​សម្រេច ​មិនមែន​បុគ្គល តែម្នាក់​ដែលសឹង​តែក្លាយជា​ជនផ្តាច់ការ​នៅឆ្នាំថ្មីៗ​នេះទេ។ ​ការណ៍​នោះមិន​អាចទទួល​យកបាន​ឡើយ។ លោក ​សុខ ខេមរា៖ ​នៅពេល​ដែលលោក​និយាយអំពី​រឿងមិនអាច​ទទួល​យក បាន​ចំពោះ​រដ្ឋាភិបាល​ និង​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ និងលើ​បញ្ហាសេរីភាព​ព័ត៌មាន ​អង្គការ​សង្គមស៊ីវិល​ តើឲ្យ​ច្បាស់​លាស់នោះ ​លោកចង់​ធ្វើយ៉ាងណា? លោក​ ស្ទីវ ឆាបុត៖ ​បាទ ជាថ្មីទៀត​ យើងអាច​គិតគូរ​ពីបញ្ហាដូច​ជាការ​ដាក់ទណ្ឌកម្ម​ រារាំងសិទ្ធិ​ធ្វើដំណើរ​មកកាន់​ស.រ.អា.​ ហើយ​យើងកំពុង​ធ្វើការជាមួយ​នឹង​សម្ព័ន្ធមិត្ត​របស់យើង​ក្នុងតំបន់​ ហើយបើ​តាមការ​យល់ដឹង​របស់ខ្ញុំ​គឺដូចជា សហភាព​អឺរ៉ុបជា​ឧទាហរណ៍​ក៏កំពុង​គិតគូរ​ពីទណ្ឌកម្ម​ដូចគ្នាដែរ ​ហើយ​យើងនៅក្នុង​សភា​ និង​ក្រសួង​ការបរទេស​ និងស្ថាប័ន​ដ៏ទៃទៀត​កំពុង​ជជែកគ្នា អំពីរឿង​រ៉ាវទាំងនេះ។​ តែយើង​សង្ឃឹមថា​ រដ្ឋាភិបាល​នឹងផ្លាស់ប្តូរ​ទង្វើ​របស់​ខ្លួន ផ្លាស់ប្តូរ​គោល​នយោបាយ​របស់ខ្លួន ​ព្រោះថា​នៅទីបញ្ចប់​ខ្ញុំអាច​សង្ឃឹមថា​ លោកនាយក​រដ្ឋមន្ត្រីនឹង​សម្លឹងមើល​ពីកេរដំណែល​របស់​លោក តើលោក​នឹងចងចាំអ្វីខ្លះ ​ហើយគាត់​បានធ្វើ​កិច្ចការល្អ​ដែរកន្លងមក​ តែឆ្នាំថ្មីៗ​នេះមាន​ការកៀប​សង្កត់ កណបក្ស​ប្រឆាំង ​ហើយអ្វី​ដែលគាត់​ធ្វើទៅលើ​ពលរដ្ឋនោះជាអ្វី​ដែលគាត់ត្រូវ​ចងចាំ។ លោក​ សុខ ខេមរា៖ ​នៅ​ពេល​ដែលលើកឡើងថា លោក​ ហ៊ុន សែន​ ​ក៏​បានធ្វើ​រឿង​ល្អៗ​ខ្លះដែរ​នោះ​ តើ​លោកអាច​បញ្ជាក់បាន​ទេថា​តើលោក​ ហ៊ុន សែន​ ធ្វើ​ដូច្នោះ​នៅ​ពេលណា? លោក​ ស្ទីវ ឆាបុត៖ អូហ៍ រឿង​នេះ ​វា​កន្លង​ផុតទៅ​មួយ​រយៈហើយ ​ហើយ​ខ្ញុំ​ចង់​ឲ្យ​ពលរដ្ឋ​កម្ពុជា ចងចាំ​និង​ជា​អ្នក​កំណត់​វិញ​ថា​ តើ​រឿង​ល្អៗ​ទាំង​នោះ​ មាន​អ្វី​ខ្លះ។ ក្នុង​នាម​ជា​អ្នកក្រៅ​ម្នាក់ ខ្ញុំ​មិន​ចង់​និយាយ​ពី​រឿង​នេះ​ទេ ប៉ុន្តែ ទោះបីជា​អ្នក​ខ្លះឥឡូវ​នេះ​កំពុង​តែ​ដើរ​លើ​ផ្លូវ​ខុស​ក៏​ដោយ ក៏​ពួកគេ​នឹង​ធ្វើ​អ្វី​មួយ​ដែល​ល្អ​ជាង​មុន ជាពិសេស​នៅ​ពេល​ដែល​ពួកគេ​ពិចារណា​ពី​គណបក្ស​ប្រឆាំង ដែល​ពួកគេ​កំពុង​ចាត់​វិធាន​ការ​លើ​នោះ។ កម្ពុជាមាន​ប្រវត្តិសាស្ត្រ​មួយ​ដែល​អភ័ព្វ​ណាស់។ អ្នក​ចាំ​ទេ វាល​ពិឃាដរបប​ខ្មែរ​ក្រហម និង​សោកនាដកម្ម បាន​សម្លាប់​ពលរដ្ឋ​អស់​១ភាគ៤​នៃ​ចំនួន​ពលរដ្ឋ​សរុប​ទូទាំង​ប្រទេស។ ដូច្នេះ កម្ពុជា គឺជា​ប្រទេស​មួយ​ដែល​បាន​ឆ្លងកាត់​គ្រា​មួយ​ដ៏​អាក្រក់អាក្រី គឺ​អាក្រក់​ជាង​បណ្ដា​ប្រទេស​ភាគច្រើន​ទៀត​ដែល​ខ្ញុំ​ធ្លាប់​ឃើញ។ គេ​សង្ឃឹម​ថា មេដឹកនាំ​បច្ចុប្បន្ន ចងចាំ​បទពិសោធន៍​ទាំង​នោះ ហើយ​ចង់​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​មាន​ពេលវេលា​ប្រកបដោយ​ថាមពល​ និង​មាន​លក្ខណៈ​ស្ថាបនា​ជាង​នេះ។​ ប៉ុន្តែ ជា​អកុសល ថ្នាក់​ដឹកនាំ​ប្រទេស​កម្ពុជា​ឥឡូវ​នេះ មិនបាន​ដើរ​តាម​ទិសដៅ​នេះ​ទេ។ លោក សុខ ខេមរា៖ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កាន់អំណាច​អស់​ជាង​៣០​ឆ្នាំ​មក​ហើយ តើ​ការ​បោះឆ្នោត​បែប​ណា ដែល​អាច​ទទួល​យក​បាន​ទាំង​សម្រាប់​រូប​លោក និង​សម្រាប់​ពលរដ្ឋ​កម្ពុជា​? លោក ស្ទីវ ឆាបុត៖ ខ្ញុំ​គិត​ថា នៅ​ពេល​ដែល​ក្រឡេក​មើល​ប្រវត្តិសាស្ត្រ​កម្ពុជា ប្រហែល​ជា​ចាំបាច់​ត្រូវ​មាន​អ្នក​សង្កេតការណ៍ គឺ​អ្នក​សង្កេតការណ៍​អន្តរជាតិ​មក​ពី​បណ្ដា​ប្រទេស​ផ្សេងៗ ដែល​មាន​លក្ខណៈសម្បត្តិ​យុត្តិធម៌​ និង​ឥត​លម្អៀង ហើយ​អាច​ជួយ​ធានា​ថា ការ​បោះឆ្នោត​ នឹង​ប្រព្រឹត្ត​ទៅ​ដោយ​សេរី​និង​ត្រឹមត្រូវ។​ ប៉ុន្តែ ដំណាក់កាល​នៅ​មុន​ការ​បោះឆ្នោត ក៏​ជា​កត្តា​សំខាន់​ដែរ។ ពេល​ដែល​អ្នក​ហាមប្រាម​គណបក្ស​នយោបាយ ចាប់​អ្នក​ប្រឆាំង​ដាក់​គុក ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​សារព័ត៌មាន​ឯករាជ្យ ដើម្បី​ប្រាប់​រឿងរ៉ាវ​ពិត និង​ប្រាប់​រឿង​រ៉ាវ​ទាំង​សងខាង​អំពី​ការ​បោះឆ្នោត​នោះ អ្នក​មិន​បាន​ធ្វើ​តាម​កាតព្វកិច្ច​ ដែល​គួរ​ធ្វើ​នោះ​ទេ។ ដូច្នេះ​ហើយ វា​ពិបាក​ណាស់ ក្នុង​ការ​គិត​ថា ការ​បោះឆ្នោត​នេះ នឹង​មាន​លក្ខណៈ​យុត្តិធម៌ ប្រសិន​បើ​ដំណាក់​កាលមុន​ការ​បោះឆ្នោត មិន​យុត្តិធម៌​នោះ។ លោក សុខ ខេមរា៖ លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ ​នឹង​ធ្វើ​ដំណើរ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាមេរិក អាស៊ាន នៅ​ប្រទេស​ហ្វ៊ីលីពីន​។ តើ​លោក​មាន​សារ​អ្វី​ខ្លះ ចង់​ផ្ញើ​ទៅ​កាន់​លោក​ប្រធានាធិបតី អំពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​តំបន់​អាស៊ី ជាពិសេស​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ? លោក ស្ទីវ ឆាបុត៖ ក្នុង​ដំណើរ​ទៅ​កាន់​តំបន់​អាស៊ី​របស់​លោក​ប្រធានាធិបតី ត្រាំ​ នេះ ខ្ញុំគិត​ថា លោក​នឹង​និយាយ​អំពី​បញ្ហា​ជាច្រើន។ លោក​នឹង​និយាយ​អំពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​លោក​ក៏​នឹង​និយាយ​អំពី​ការ​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ផង​ដែរ។ ខ្ញុំ​យល់​ថា នៅ​ពេល​សមស្រប​ណាមួយ លោក​នឹង​និយាយ​អំពី​បញ្ហា​សិទ្ធិមនុស្ស។ ជួនកាល​ គេ​ធ្វើ​រឿង​នេះ​នៅ​ពី​ក្រោយ​ឆាក ដែល​គេ​អាច​បញ្ចេញ​សារ​ដ៏ខ្លាំង​មួយ ដោយ​មិន​ចាំបាច់​ធ្វើ​ឲ្យ​មេដឹកនាំ​ផ្សេងៗ​ទៀត អាម៉ាស់មុខ​ទេ។​ ខ្ញុំ​សូម​ទុក​បញ្ហា​នេះ​ជូន​លោក​ប្រធានាធិបតី ត្រាំ ជា​អ្នក​កំណត់​ទៅ​ចុះ ថា​តើ​លោក​នឹង​ធ្វើ​របៀប​ណា​ដែល​ល្អបំផុត​នោះ ដោយ​គាត់​ទទួល​បាន​ការ​ប្រឹក្សា​យោបល់​ពី​ក្រសួង​ការបរទេស ជាពិសេស​គឺ​ពី​រដ្ឋមន្ត្រី​ការបរទេស លោក Rex Tillerson។ លោក សុខ ខេមរា៖ សូមអរគុណ! ខ្ញុំចង់ជម្រាបសួរ​អំពីសហគមន៍​ខ្មែរនៅទីនេះ។ ​តើពួកគាត់​ជម្រាបលោកអ្វីខ្លះ​អំពីបញ្ហាកម្ពុជា? លោក ស្ទីវ ឆាបុត៖ ពលរដ្ឋខ្មែរអាមេរិកាំងភាគច្រើនដែលខ្ញុំបានជួប​ បានជំរុញ​ឲ្យខ្ញុំ​នឹងសមាជិកសភាដទៃ កុំឲ្យ​យើងភ្លេចកម្ពុជា។ ស.រ.អា.​តាំងចិត្តជួយ​ទូទាំងពិភពលោក។ កម្ពុជាតូចមែន​តែ​សំខាន់ ដែល​យើង​ត្រូវ​យកចិត្តទុកដាក់ខ្លះ ព្រោះ​ពលរដ្ឋកម្ពុជាពិតជាត្រូវការជំនួយ។ គេចង់​ឲ្យ​យើង​លើក​បញ្ហាកម្ពុជានៅអ.ស.ប. នៅសហភាពអឺរ៉ុប​ដែលជាសម្ព័ន្ធមិត្ត​របស់ យើង​និងមិត្តដទៃទៀតនៅអាស៊ីអាគ្នេយ៍។​ ដូច្នេះអ្នកដែលខ្ញុំជួបនៅទីនេះ​បានជំរុញ​ឲ្យ យើង​យកចិត្តទុកដាក់នឹងកម្ពុជា។ សូម​ឲ្យ​យើង​ជួយតាមដែលអាច​ធ្វើបាន ដើម្បីកែ​ប្រែស្ថានការណ៍ទៅនោះ​ឲ្យល្អឡើងវិញ ព្រោះឥឡូវនេះ​មិនល្អទេ។ រដ្ឋាភិបាល​មិន អនុញ្ញាត​ពលរដ្ឋធ្វើតាមសិទ្ធិរបស់គេទេ។ ពលរដ្ឋមិនអាច​បញ្ចេញមតិដោយគ្មានការបង្ក្រាបពីរដ្ឋាភិបាល​ទេ។ ពួកគេត្រូវឃុំខ្លួន បាត់ខ្លួន។ រឿងអាក្រក់អាចកើតឡើងចំពោះពួកគេ។ ដូច្នេះខ្ញុំស្តាប់ សំណើ​ពី​សហគមន៍ខ្មែរមកតំណាងរាស្ត្រ​របស់គេ រួមទាំងរូបខ្ញុំផងដែរ។ លោក សុខ ខេមរា៖ លោកមាន​ប្រសាសន៍​អំពីទណ្ឌកម្ម​លើកម្ពុជា។ តើ​មានសេចក្តីសម្រេចអ្វីក្នុងពេលឆាប់ៗ ដូចជាសេចក្តីសម្រេចអំពីសិទ្ធិមនុស្ស ប្រជាធិបតេយ្យ កម្ពុជា​លេខ ​៧២៨​នោះទេបាទ? លោក ស្ទីវ ឆាបុត៖ យើងកំពុងពិនិត្យរឿងនេះ ហើយក្រុមការងារសភាអំពីកម្ពុជា​ជាពិសេសលោក Alan Lowenthal ដែលជាសមាជិកសំខាន់​របស់​ក្រុមការងារនេះ ហើយនឹងរូបខ្ញុំ​បាន​ពិភាក្សា​គ្នាច្រើន។ យើង​បានជួបឯកអគ្គ​រដ្ឋទូត​របស់យើង​ប្រចាំកម្ពុជា​ និងអ្នកនយោបាយ​ផ្សេងទៀតដែលមកទីនេះ។ យើងកំពុង​គិតគូរធ្វើសេចក្តីសម្រេចបញ្ហាកម្ពុជា។​ តែខ្ញុំ​មិនទាន់​និយាយទេគឺត្រូវគិត​ឲ្យត្រឹមត្រូវ​ ហើយ​ចេញទៅមាន​ប្រសិទ្ធភាពតែម្តង។​ លោក សុខ ខេមរា៖ លោកមានប្រសាសន៍​បានជួបឯកអគ្គ​រដ្ឋទូត​ និង​មន្ត្រីក្រសួងការបរទេសអាមេរិក​តើគេគាំទ្រ គំនិត​ផ្តួច​ផ្តើមនេះទេ?​ លោក ស្ទីវ ឆាបុត៖ បាទ និយាយរួម​ អញ្ចឹងមែនហើយ។ លោកដឹងហើយ​ក្រសួងការបរទេសនៅក្នុងស្ថាប័នមួយទៀត គឺ​នីតិប្រតិបត្តិ។ គេមានការទទួលខុសត្រូវនិងការតព្វកិច្ច​ដោយឡែកពីយើង។​ យើងខាងនីតិបញ្ញត្តិ យើងមានការរួមគ្នា​ក្នុងរឿងនេះ។ យើងមិនបញ្ជាទេ គេក៏មិនបញ្ជា យើង​តែ​យើង​ធ្វើការជាមួយគ្នា។ លោក សុខ ខេមរា៖ តើច្បាប់ (ដាក់ទោសអ្នករំលោភសិទ្ធិមនុស្ស) Magnitsky Act អាច​ប្រើសម្រាប់ករណី​កម្ពុជាទេ?​ លោក ស្ទីវ ឆាបុត៖ បាទ ពិតជាអាច ព្រោះ​លោកដឹងហើយថា មានការរំលោភសិទ្ធិ​មនុស្ស។ យ៉ាងហោច មានការចោទ​ប្រកាន់ដែលខ្ញុំជឿថា អាចជារឿងពិត។​ ជានិច្ចកាលច្បាប់​នេះមានលទ្ធភាព អាច​ប្រើបានជាពិសេស។ ​ដូច្នេះខ្ញុំសូមប្រាប់ថា​អាច​ប្រើច្បាប់នេះ​បាន។​ លោក សុខ ខេមរា៖ អរគុណលោកណាស់។ សំណួរចុងក្រោយ​ តើលោកតំណាងរាស្ត្រមានសារអ្វីដល់ខ្មែរ​អាមេរិកាំងនៅទីនេះ​ និងជនជាតិខ្មែរនៅ​កម្ពុជាបាទ? លោក ស្ទីវ ឆាបុត៖ ខ្ញុំសូមផ្តាំថា កុំបោះបង់ក្តីសង្ឃឹម។ អ្នកទាំងអស់គ្នា អាចនឹងមានអនាគត​ភ្លឺស្វាងក្នុងពេលខាងមុខ។ ​លោកអ្នកមាន​សិទ្ធិជ្រើសរើស​មេដឹកនាំរស់នៅយ៉ាងម៉េច មិនមែន​រដ្ឋាភិបាល​ជាអ្នក​សម្រេច​អ្វីៗទាំងអស់នោះទេ។​ ប្រជាពលរដ្ឋមានសេរីភាព។ ​សេរីភាពនេះនឹងមាននៅ​ទីនោះ​ តែអភ័ព្វ​ដែលទីនោះ​មិន​មាន​សេរីភាព​សព្វថ្ងៃនេះ តែគង់តែមាននៅថ្ងៃណាមួយ កុំអស់​សង្ឃឹម។​ លោក សុខ ខេមរា៖ អរគុណលោកតំណាងរាស្ត្រ​ ស្ទីវ ឆាបុត (Steve Chabot) ដែលផ្តល់កិច្ចសម្ភាស៍វីអូអេ។ លោក ស្ទីវ ឆាបុត៖ បាទ អរគុណណាស់!

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ