ហាងខារ៉ាអូខេ យីហោសេះមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ផ្ទុះរឿងសារជាថ្មីទៀតហើយ ញ៉ាមធ្លាប់កោភ្ញៀវមិនដាក់ទឹក គិតលុយថ្លៃកប់ពពក សម្តីថៅកែហឹរដូចម្ទេសខ្មាំង ជារឿយៗធ្វើអោយភ្ញៀវមុខជូរដូចទឹកខ្មេះ អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ ពិសេសមន្ទីរទេសចរណ៍ គ្មានវិធានការ ទុកឲ្យហាងខារ៉ាអូខេ ខាងលើប្រព្រឹត្តស្រេចតែចិត្ត ម្តងហើយម្តងទៀត រឿងបន្លំគិតលុយថ្លៃកប់ពពក មកដល់លើកនេះ ផ្ទុះរឿងជាថ្មីទៀតហើយ ភ្ញៀវ២នាក់គិតលុយអស់២១២ដុល្លារ ប្រាប់ថា ផឹកអស់ស្រាបៀ៨កេស តើមានអ្នកណាជឿអត់ ?
បាតុភាពផ្ទុះលើកនេះកើតឡើងកាលពីយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្នុងខារ៉ាអូខេ សេះមាស ផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ក្រោយពីគិតលុយអស់២១២ដុល្លារ ស្រាបៀ៨កេស សម្រាប់ភ្ញៀវ២នាក់ ទីបំផុត ម្ចាស់ហាងចាប់ដកហូតម៉ូតូភ្ញៀវទុក រហូតដល់រសៀលថ្ងៃទី១៣ ខែកក្កដា ២០១៧នេះ ទើបបែកធ្លាយរឿងជនរងគ្រោះរត់ទៅប្តឹងប៉ូលីស ។

តាមនគរបាលបានឲ្យដឹងថា ថ្មីៗនេះ ហាងខាងលើកើតមានរឿងម្តងហើយ កាលពីយប់ថ្ងៃទី០៧ ខែកក្កដា ភ្ញៀវ២នាក់ ផឹកស្រាបៀ២កេស គិតលុយអស់២៤៦ដុល្លា ទើបតែដោះស្រាយចប់ មកដល់លើកនេះ ភ្ញៀវ២នាក់ ផឹកស្រាបៀអស់៨កេស គិតលុយអស់២១២ដុល្លា ដូចជាហួសហេតុពេកទៅហើយ បើគិតលេងៗ ៨កេស ស្មើនឹង៦៣,៣៦លីត្រ បានសេចក្តីថា មនុស្ស២នាក់ផឹកស្រាបៀរអស់៦៣,៣៦លីត្រ តួលេខខាងលើ ទោះជាឲ្យងូតទៀតក៏មិនអស់ផង កុំថាឡើយផឹក ។
ក្រោយពីផ្ទុះរឿងហាងគិតលុយថ្លៃកប់មេឃ និងសង្ស័យបន្លំទំនិញ កោរភ្ញៀវ ក្រោយពីជនរងគ្រោះប្តឹងសមត្ថកិច្ច បានយកម៉ូតូរក្សាទុកនៅប៉ុស្តិ៍ជាបណ្តោះអាសន្ន តែមិនទាន់មានដំណោះស្រាយនៅឡើយ ។ អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់សារព័ត៌មានអង្រុតព័ត៌មាន ដែលផ្សាយចេញកាលពីយប់មិញនេះ ។

សូមរំលឹកថា កាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ មានការភ្ញាក់ផ្អើលកើតឡើងដោយភ្ញៀវចូលផឹកស៊ី ហើយមានលុយ១០០ដុល្លារក្នុងខ្លួននោះ បាននិយាយថា នៅមុនពេលកើតហេតុ ខ្លួនបាននាំគ្នាចូលខារ៉ាអូខេដោយមានគ្នា៣នាក់ ហៅស្រាបៀរកម្ពុជាចំនួនមួយកេសក្នុងតម្លៃ៣៥ដុល្លារ ហើយគេមានកម្មវិធីថែមគ្រឿងក្លែមកំប៉ិកកំប៉ុក៤ចំនួន៤មុខ និងស្រី៣នាក់ ។ ការដែលមានកម្មវិធីបែបនេះពួកគេមាន១០០ដុល្លារដែរគិតថាអាចចូលសប្បាយបាននឹងគេដែរ ទើបនាំគ្នាចូលផឹកស៊ីច្រៀងលេងយ៉ាងសប្បាយ។
ប្រភពបានបន្តទៀតថា ខណៈពេលកំពុងផឹកស៊ីច្រៀងលេងនោះ ស្រាប់តែក្រុមនារីបម្រើក្នុងខារ៉ាអូខេយកម្ហូបចូលមកជាបន្តបន្ទាប់ តែពួកគាត់មិនកុម្ម៉ង់ទេ ហើយក៏ឲ្យយកទៅវិញ ដោយពួកគាត់ឲ្យយកម្ហូប ដែល Freeនោះមកវិញ ហើយនារីបម្រើខារ៉ាអូខេ យកមកញ៉ាំតែខ្លួនឯងជាបន្តបន្ទាប់សរុបអស់១៧មុខ គិតជាចានស្មើនឹង២០ចាន មិនតែប៉ុណ្ណោះក្រុមនារីទាំងនោះកុម្ម៉ង់ហៅភេសជ្ជៈមានគោជល់ និងបាកាស៨កំប៉ុងទៀត ដល់ពេលគិតលុយសរុបទាំងអស់ចំនួន២៤៦ដុល្លារ ។

ប្រភពពីជនរងគ្រោះបានបន្តទៀតថា ពេលម៉ូតូខ្លួនត្រូវបានគេឃាត់ទុកនោះ ម្ចាស់ហាង សែនរីករាយ បាននិយាយថា បើចង់សម្រាកនៅក្នុងហាងរបស់គាត់គិតក្នុងមួយនាក់ចំនួន១០ដុល្លារថែមទៀត ហើយពេលនោះគេចង់ដកហូតយកទូរស័ព្ទចំនួន២គ្រឿង ឲ្យទៅខាងម្ចាស់ហាងតែពួកគាត់មិនព្រមឲ្យបែរជារករឿងចង់វាយពួកគាត់ ហើយបម្រុងចោទថាពួកគាត់ជាចោរទៀតផងពេលនោះក្រុមអ្នកផឹកបានប្ដឹងសមត្ថកិច្ចមកមកជួយអន្តរាគមន៍ភ្លាមៗផងដែរ ។
បើតាមប្រជាពលរដ្ឋនៅម្តុំផ្លូវ២០០៤ខាងលើ បាននិយាយថា ករណីខាងលើវាកើតមានឡើងស្ទើររាល់ថ្ងៃ មានហាងផ្សេងៗទៀតក៏ដូចគ្នាចឹងដែរ ដូច្នេះបើចូលផឹកស៊ីសប្បាយស្រីញីនៅតាមផ្លូវ២០០៤ ប្រយ័ត្នម្ចាស់ហាងកាប់ឆៅ ស្រាប់តែយប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ កើតឡើងទៀតមែន ៕
Comments
Post a Comment