ដំណឹងនៃការសម្រេច របស់តុលាការកំពូលកម្ពុជា ក្នុងការតំកល់សាលដីកាសាលាឧទ្ធរណ៍ ទុកជាបានការនោះ បានអង្រួនលោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិកដ៏ល្បីឈ្មោះ ឲ្យចេញមុខមកធ្វើប្រតិកម្មម្ដងទៀត ថាលោកនឹងចាត់ការ ដោយផ្ទាល់ដៃ ក្នុងការដាក់មន្ត្រីរដ្ឋាភិបាល ដែលពាក់ព័ន្ធទាំងឡាយណា ចូលទៅក្នុងបញ្ជីខ្មៅអាមេរិក ប្រសិនជាប្រធានគណបក្សសង្គ្រោះជាតិ មិនត្រូវបានដោះលែង គិតមកត្រឹមថ្ងៃទី៩ ខែវិច្ឆិកាទេនោះ។
ការសម្រេចរបស់តុលាការកំពូលកម្ពុជា ក្នុងការតំកល់សាលដីកាសាលាឧទ្ធរណ៍ ដែលបញ្ជាក់ ពីការឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ថាត្រឹមត្រូវ ទុកជាបានការនោះ គឺជា«ដំណឹងដ៏អាក្រក់»មួយ សម្រាប់លោក ថេដ គ្រូស (Ted Cruz) សមាជិកព្រឹទ្ធសភាអាមេរិកដ៏ល្បីឈ្មោះ។ លោក គ្រូស បានថ្លែងដូច្នេះ នៅលើបណ្ដាញសង្គមទ្វីសធើរ នាវេលាមុននេះបន្តិច ដែលជាប្រតិកម្ម ទៅនឹងការបង្ហោះមួយ របស់ទំព័រទ្វីសធើរ «Asian Correspondent» ស្ដីពីសេចក្ដីសម្រេច របស់តុលាការជាន់ខ្ពស់បំផុត នៅក្នុងប្រទេសកម្ពុជា។

លោក ថេដ គ្រូស ដែលជាអតីតបេក្ខជនប្រធានាធិបតីមួយរូប របស់សហរដ្ឋអាមេរិកផងនោះ បានសរសេរបន្ត នៅលើទំព័រទ្វីសធើរផ្លូវការ របស់លោកទៀតថា៖ «ប្រសិនជាលោក កឹម សុខា ប្រធានគណបក្សប្រឆាំង មិនត្រូវបានដោះលែង នៅមុនថ្ងៃទី៩ ខែវិច្ឆិកាទេនោះ ខ្ញុំនឹងចាត់ការដោយផ្ទាល់ដៃរបស់ខ្ញុំ ដើម្បីហាមឃាត់មន្ត្រីរដ្ឋាភិបាល ដែលជាប់ពាក់ព័ន្ធ មិនឲ្យជាន់ទឹកដីអាមេរិក»។
នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧នេះ តុលាការកំពូល បានសម្រេចតម្កល់សាលដីកា សភាស៊ើបសួរសាលាឧទ្ធរណ៍ ទុកជាបានការដដែល ដោយបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ក្នុងពន្ធនាគារជាបន្តទៀត។ ក្រុមមេធាវីការពារក្ដីឲ្យលោក កឹម សុខា បានចាត់ទុកការសម្រេច របស់តុលាការជាន់ខ្ពស់នេះ ថា«មិនបានផ្ដល់យុត្តិធម៌» សម្រាប់កូនក្ដីរបស់ខ្លួនទេ។
កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ សាលាឧទ្ធរណ៍បានសម្រេច បដិសេធបណ្ដឹងរបស់ក្រុមមេធាវី ប្រឆាំងនឹងដីកាឃុំខ្លួនលោក កឹម សុខា ពីសំណាក់សាលាដំបូងរាជធានី ហើយបានសម្រេចតម្កល់សាលក្រម របស់តុលាការជាន់ទាបមួយនេះ ទុកជាបាន ដោយបន្តឃុំខ្លួនលោក កឹម សុខា ជាបន្តទៅទៀត។
សមាជិកព្រឹទ្ធសភា លោក ថេដ គ្រូស បានចេញលិខិតព្រមានជាផ្លូវការ កាលពីមួយសប្ដាហ៍មុន (ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៧) ដោយដាក់ឱសានវាទ ត្រឹមថ្ងៃទី៩ ខែវិច្ឆិកាខាងមុខនេះ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះលែងលោក កឹម សុខា ឲ្យបានជាប្រញាប់ ឬបើមិនដូច្នេះទេ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាល មិនឲ្យជាន់ទឹកដីអាមេរិក។
ក្នុងលិខិត ដែលផ្ញើជូនទៅលោក ជុំ ប៊ុនរ៉ុង អគ្គរាជទូតខ្មែរ ប្រចាំសហរដ្ឋអាមេរិកនោះ លោក ថេដ គ្រូស បានព្រមានបន្ថែមថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិក និងកម្ពុជានាពេលកន្លងមក ប្រព្រឹត្តទៅបាន ក៏ដោយសារឈរលើស្មារតី នៃលទ្ធិប្រជាធិបេតយ្យ សេរី និងការបោះឆ្នោត ដែលគួរឲ្យជឿទុកចិត្តមួយបាន។ ប៉ុន្តែ ព្រឹត្តិការណ៍នយោបាយចុងក្រោយ ដែលបានកើតឡើង ជាបន្តបន្ទាប់ដូច្នេះ លោក ហ៊ុន សែន មិនត្រឹមតែ កំពុងតែបំផ្លាញទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែលោក ហ៊ុន សែន កំពុងតែបំផ្លាញលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជាផងដែរ។
ប៉ុន្តែឱសានវាទ របស់លោក ថេដ គ្រូស បានរងប្រតិកម្មមកវិញយ៉ាងចាស់ដៃ ពីសំណាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា និងជារដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី បានចាត់ទុកការលើកឡើង របស់សមាជិកព្រឹទ្ធសភាអាមេរិកខាងលើ ថាជាការប្រមាថ និងឈ្លានពាន ដល់កិច្ចការផ្ទៃក្នុង នៃរដ្ឋអធិបតេយ្យ ដែលមិនក្រោមចំណុះ ដូចជាប្រទេសកម្ពុជា។
លោក ថេដ គ្រូស ជាសមាជិកព្រឹទ្ធសភាម្នាក់ ពីក្នុងចំណោមសមាជិកព្រឹទ្ធសភា ដ៏សំខាន់ៗ របស់អាមេរិក ដែលបានប្រតិកម្ម ទល់នឹងព្រឹត្តិការណ៍នយោបាយកម្ពុជា ដែលបានកើតឡើងផ្ទួនៗគ្នា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ កាលពីដើមខែតុលា សមាជិកព្រឹទ្ធសភាពីររូបផ្សេង គឺលោក ចន ម៉ាកខេន (John McCain) និងលោក ឌិក ឌើប៊ិន (Dick Durbin) បានស្នើសេចក្ដីសម្រេចមួយ កម្រាស់៨ទំព័រ ដើម្បីរកដំណោះស្រាយ ជុំវិញវិបត្តិនយោបាយនៅកម្ពុជានេះដែរ។
សេចក្ដីសម្រេចស្នើឡើង ដោយលោក ចន ម៉ាកខេន និងលោក ឌិក ឌើប៊ិន នោះ ត្រូវបានដាក់ជូន ក្នុងកិច្ចប្រជុំព្រឹទ្ធសភាពេញអង្គ លើកទី១១៥ កាលពីថ្ងៃទី៣ ខែតុលា ដោយទាមទារ ឲ្យក្រសួងការបរទេសសហរដ្ឋអាមេរិក សហការគ្នាជាមួយការិយាល័យត្រួតពិនិត្យ ទ្រព្យសម្បត្តិបរទេស នៃនាយកដ្ឋានរតនាគារ ពិចារណាដាក់មន្ត្រីរដ្ឋាភិបាលកម្ពុជា ទាំងឡាយណា ដែលជាប់ពាក់ព័ន្ធ នឹងការរំលោភបំពានខាងលើ ឲ្យចូលទៅក្នុងបញ្ជីខ្មៅ នៃជនដែលមានគ្រោះថ្នាក់ ត្រូវបង្កកទ្រព្យសម្បត្តិ និងហាមឃាត់ចូលទឹកដីអាមេរិក៕
Comments
Post a Comment