អត្ថបទព័ត៌មានមួយនេះ យើងខ្ញុំបានចម្លងចេញទាំងស្រុងពីវេបសាយរបស់វិទ្យុសម្លេងព្រះសង្ឃឯករាជ្យ ដែលផ្សាយចេញនៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ ២០១៧ នេះ ។
សមាជិករបស់គណបក្សប្រឆាំងប្រមាណជាង៤០រូប ដែលត្រូវបានគេដឹងថា បានវិចបង្វិចចេញពីគណបក្សសង្រ្គោះជាតិរត់ទៅសុំជ្រកកោនជាមួយនឹងគណបក្សកាន់អំណាច ក្រោយពេលដែលលោ កនាយករដ្ឋមន្រ្តី ហ៊ុន សែន សន្យាររក្សាតំណែងអោយ ។
យោងតាមតារាងផ្លូវការនៃបញ្ជីឈ្មោះសមាជិកគណបក្សសង្រ្គោះជាតិដែលសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា គិតត្រឹមថ្ងៃទី ៣១ តុលា ឆ្នាំ ២០១៧ កន្លងទៅនេះ បានបង្ហាញអោយដឹងថា មានសមាជិក៤៣នាក់ ដែលបានសម្រេចចិត្តចាកចេញពីបក្សសង្រ្គោះជាតិ ហើយបានចុះចូលជាមួយនឹងបក្សប្រជាជន ប៉ុន្តែសារព័ត៌មានគាំទ្ររដ្ឋាភិបាលបន្តចុះផ្សាយកាលពីល្ងាចមិញនេះថា មានចំនួន៤៩រូបហើយ។

សមាជិកទាំងអស់នេះ ដែលបានធ្វើការសម្រេចចិត្តទៅចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សកាន់អំណាចនោះ មាន អ្នកតំណាងរាស្រ្ដម្នាក់ សមាជិកក្រុមប្រឹក្សាខេត្តម្នាក់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក៥នាក់ មេឃុំ ចៅសង្កាត់២នាក់ ជំទប់ ចៅសង្កាត់រងទី១ មាន៧នាក់ ជំទប់ចៅសង្កាត់រងទី២ មាន៧នាក់ និងក្រុមប្រឹក្សាឃុំសង្កាត់២៦នាក់។
ក្រុមសមាជិករបស់គណបក្សប្រឆាំងដែលបានសម្រេចចិត្តវិចបង្វិចរត់ទៅជ្រកកោនជាមួយនឹងគណបក្សកា់អំណាច ក្នុងនោះមានមកពី រាជធានីភ្នំពេញ២នាក់ ខេត្តកំពង់ចាម១៥នាក់ ខេត្តបន្ទាយមានជ័យម្នាក់ ខេត្តតាកែវ៤នាក់ ខេត្តកំពត៣នាក់ ខេត្តកំពង់ធំ៧នាក់ ខេត្តបាត់ដំបងម្នាក់ ខេត្តសៀមរាបម្នាក់ ខេត្តព្រះវិហារម្នាក់ ខេត្តត្បូងឃ្មុំម្នាក់ ខេត្តកណ្ដាលម្នាក់ ខេត្តកំពង់ស្ពឺម្នាក់ ខេត្តព្រៃវែង៨នាក់ ខេត្តក្រចេះ២នាក់ និងខេត្តឧត្ដរមានជ័យម្នាក់។

ការសម្រេចចិត្តចាកចេញពីទ្រនំចាស់ផ្លាស់ទៅទ្រនំថ្មីនេះ គឺធ្វើឡើងក្រោយពេលដែលលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាបានសន្យារជាមួយនឹងពួកគេថា នឹងរក្សាតំណ ងអោយបាននៅជាធម្មតា ប្រសិនបើអ្នកទាំងនោះសម្រេចចិត្តចាកចេញទៅរួមរស់នៅក្នុងជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិនឹងត្រូវបានគេរំលាយ ហើយបែកចែកអាសនៈរបស់គណបក្សសង្រ្គោះជាតិទៅអោយគណបក្សនយោបាយ ផ្សេងៗទៀត។
ការចាកចេញរបស់ពួកគេទាំងនេះ ក្រោមហេតុផលមួយចំនួនថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិបានប្រព្រឹត្តអំពើក្បត់ជាតិ និងបានរួមដៃជាមួយនឹងជនបរទេស ពោលគឺដូចអ្វីដែលរដ្ឋាភិបាលបានចោទប្រកាន់រួចស្រេចទៅហើយដែរ ។
ប៉ុន្តែយ៉ាងណាក៏ដោយ ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដែលកំពុងជាប់ឃុំ នៅតែអំពាវនាវយ៉ាងទទូចដល់សមាជិកនៃគណបក្សសង្រ្គោះជាតិថា អោយរក្សាគោលជំហរនាពេលនេះអោយបាន ។ លោក កឹម សុខា ធ្លាប់បានចេញលិខិតមួយដោយបង្ហាញការជឿជាក់ថា ប្រសិនបើគណបក្សសង្រ្គោះជាតិអាចឆ្លងផុតគ្រាដ៏លំបាកនាពេលនេះបាន ប្រាកដជានឹងអាចសម្រេចជោគជ័យ និងគោលដៅបានយ៉ាងពិតប្រាកដ ៕
Comments
Post a Comment