ប្ដីប្រពន្ធមួយគូបានរៀបការក្រាបក្បាលដល់កន្ទេលជាមួយគ្នា២ឆ្នាំមកហើយព្រមទាំងបង្កើតបានកូនប្រុសជាទីស្រលាញ់ម្នាក់ថែមទៀតផង ប៉ុន្តែអ្វីដែលជាការចាប់អារម្មណ៏នោះគ្មានសុភមង្គលនៅក្នុងគ្រួសារឡើយដោយសារតែចេញទៅធ្វើការនៅឆ្ងាយប្រពន្ធក៏បានសុំមកធ្វើការនៅភ្នំពេញដែរ ហើយនាងបានព្យាយាមលាក់បាំងពីកន្លែងស្នាក់នៅរបស់ខ្លួនមិនឲ្យប្ដីដឹងឡើយជាងនេះទៀតដល់ថ្ងៃឈប់សម្រាកបុណ្យអុំទូកហើយមិនឃើញទៅផ្ទះរកប្ដី និងកូនទៀត ។
ទើបធ្វើឲ្យប្ដីមានការសង្ស័យក៏បានតាមដានស្រាប់តែស្ទើរកកឈាមគាំងបេះដូងស្លាប់ ដោយសារតែឃើញនាងកំពុងដេកឱបគ្នានៅក្នុងបន្ទប់ជួលមួយ ។ ហេតុការណ៏ខាងលើនោះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជាន់ទី១ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
បុរសជាប្តីដែលបានតាមដានដឹងថា ប្រពន្ធមានសហាយនោះឈ្មោះ ហាស់ សារ៉ូត អាយុ២៥ឆ្នាំ មុខរបរជាងដែក មានស្រុកកំណើតនៅក្នុងភូមិវាលរបង ឃុំអង្គរអង្គ ស្រុកពាមជរ៍ ខេត្តព្រៃវែង ។ ចំណែកនាងជាប្រពន្ធដែលត្រូវប្ដីចោទថា មានសហាយនោះឈ្មោះ ឌ.ដ.ន អាយុ២១ឆ្នាំ មុខរបរកម្មការនីរោងចក្រកាត់ដេរមានស្រុកកំណើតនៅក្នុងភូមិជាមួយគ្នា ប៉ុន្តែនាងបានមកស្នាក់នៅក្នុងបន្ទប់លេខ១៤៨ ជាន់ទី១ ផ្ទះជួលស្ថិតនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។
បុរសជាប្តីបានឲ្យដឹងថា ខ្លួន និងប្រពន្ធបានរៀបការជាមួយគ្នាជាប្ដីប្រពន្ធកាលពីអំឡុងឆ្នាំ២០១៥កន្លងមក ដោយមានការដឹងឮពីសំណាក់មេបារទាំងសងខាង និងទទួលស្គាល់តាមផ្លូវច្បាប់ពីអាជ្ញាធរមូលដ្ឋានមិនតែប៉ុណ្ណោះបង្កើតបានកូនប្រុសម្នាក់ជាចំណងដៃអាពាហ៍ពិពាហ៍នោះថែមទៀតផង ។
ដោយសារតែជីវភាពគ្រួសារមានការខ្វះខាតខ្លួនបានចាប់យកមុខរបរជាជាងដែក ហើយបានលាប្រពន្ធទៅធ្វើការនៅខេត្តកោះកុង ដោយខិតខំសន្សំលុយកាក់ដើម្បីផ្ញើរឲ្យប្រពន្ធមិនឲ្យនាងមានការព្រួយបារម្ភនោះទេ ហើយនៅពេលទំនេរខ្លួនតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីលេងប្រពន្ធនិងឪពុកម្ដាយព្រមទាំងសាច់ញាតិផងដែរ ។
បុរសនោះបាននិយាយទៀតថា ចាប់តាំងពីរៀបការរួចមកពួកគេស្រឡាញ់គ្នាខ្លាំងណាស់ប្រពន្ធតែងតែស្ដាប់បង្គាប់ខ្លួនរហូត ប៉ុន្តែមួយរយៈចុងក្រោយប៉ុន្មានមកនេះនាងមានការប្រែប្រួលច្រើនបានសុំខ្លួនទៅរកការងារធ្វើនៅភ្នំពេញធ្វើជាកម្មការិនីរោងចក្រកាត់ដេរពេលនោះខ្លួនបានហាមឃាត់ដែរ ប៉ុន្តែនាងមិនព្រមស្ដាប់ទេ ។
ដោយសារតែការរារាំងមិនបានទើបខ្លួនបណ្ដោយតាមបំណងរបស់នាង ហើយនៅអំឡុងខែឧសភា ឆ្នាំ២០១៧ កន្លងទៅនេះនាងបានចាកចេញពីស្រុកកំណើតមកក្រុងភ្នំពេញដោយទុកកូនឲ្យម្ដាយមើលនៅឯស្រុកហើយក្រោយមកបានព្យាយាមលាក់បាំងមិនប្រាប់ពីកន្លែងដែលនាងស្នាក់នៅឲ្យខ្លួនដែលជាប្ដីបានដឹងនោះឡើយ ។
នៅពេលដែលខ្លួនចង់ជួបនាងម្ដងៗបានជួបត្រឹមតែតាមទូរស័ព្ទតែប៉ុណ្ណោះ បើចង់ជួបគ្នាផ្ទាល់គឺទៅជួបគ្នានៅស្រុកកំណើតនិយាយរួមគឺនាងមិនឲ្យខ្លួនស្គាល់កន្លែងស្នាក់នៅតែម្ដង ។ ដោយសារតែមានការសង្ស័យនៅវេលាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ដែលជាថ្ងៃបុណ្យអុំទូកដំបូងខ្លួនបានតាមស្វែងរកផ្ទះជួលដែលប្រពន្ធស្នាក់នៅហើយទីបំផុតរហូតដល់វេលារសៀលថ្ងៃដដែលទើបរកឃើញនៅចំណុចខាងក្រោយផ្សារព្រៃទា សង្កាត់ចោមចៅ៣ ។
ក្រោយពេលរកឃើញខ្លួនមិនបានចូលទៅរកនាងភ្លាមនោះឡើយគឺបានចាំឃ្លាំមើលសកម្មភាពរបស់នាងហើយក្រោយមកស្រាប់តែឃើញមានបុរសម្នាក់ដើរចូលទៅក្នុងបន្ទប់នោះ និងបានដេកឱបគ្នាជាមួយប្រពន្ធរបស់ខ្លួន ។ បន្ទាប់ពីបានឃើញផ្ទាល់ភ្នែកបែបនេះខ្លួនបានកឹបសោរទ្វារពីខាងក្រៅជាប់ស្រួលបួលហើយទើបធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅប្តឹងឲ្យនគរបាលជួយអន្តរាគមន៍ហើយភ្លាមៗនោះនគរបាលប៉ុស្តិ៍ចោមចៅ៣បានចុះទៅកន្លែងកន្លែងកើតហេតុ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយនៅពេលខ្លួនជាប់រវល់ទៅប្ដឹងនគរបាល ស្រាប់តែបងប្អូនខាងប្រពន្ធបានកាត់សោរទ្វារឲ្យប្រុសសហាយប្រពន្ធខ្លួននោះរត់គេចខ្លួនទៅបាត់ហើយ ។
នគរបាលបាននិយាយថា ក្រោយពេលកើតហេតុកម្លាំងបាននាំប្ដី និងប្រពន្ធមួយគូនេះទៅកាន់ប៉ុស្ដិ៍ដើម្បីសួរនាំហើយស្ត្រីជាប្រពន្ធបាននិយាយបែបឡូយថា ប្ដីរបស់នាងពូកែណាស់អាខាងចោទប្រកាន់នាងដោយគ្មានការពិតបែបនេះដែលបានធ្វើឲ្យនាងស្អប់ខ្លាំងណាស់ ហើយកន្លងមកដោយសារតែបនេះបានធ្វើឲ្យមានភាពរកាំរកូសនៅក្នុងគ្រួសារជាបន្តបន្ទាប់ ។
មិនតែប៉ុណ្ណោះនាងបានសុំលែងលះរហូតតែលោកប្ដីមិនព្រមផ្ដិតមេដៃលែងលះសោះពេលនេះតាមរករឿងចោទប្រកាន់នាងបែបនេះទៀត តាមពិតទៅរវាងនាង និងបុរសដែលចូលទៅដេកនៅក្នុងបន្ទប់នាងនោះគឺជាមិត្តភក្ដិរួមការងារជាមួយគ្នា និងបានស្គាល់គ្នារយៈពេលជាង១ខែកន្លងមកហើយគាត់បានចូលទៅដេកលេងក្នុងបន្ទប់នាងជាធម្មតាប៉ុណ្ណោះមិនបានរួមរក្ស ឬជាសហាស្មន់គ្នានោះឡើយ ។
ស្ត្រីរូបនោះបានបន្តទៀតថា នាងពិតជាបានឲ្យបុរសនោះចូលទៅដេកនៅក្នុងបន្ទប់ជាមួយ និងបានខ្ទាស់គន្លឹះទ្វារពីខាងក្នុងមែន តែគ្មានធ្វើអ្វីផ្សេងឲ្យលើសពីការដេកលេងនោះទេ ម្យ៉ាងទៀតមូលហេតុដែលនាងមិនបានទៅស្រុកកំណើតនាថ្ងៃឈប់សម្រាកបុណ្យអុំទូកនេះក៏ព្រោះតែគ្មានលុយធ្វើជាសោហ៊ុយទៅមកទើបសម្រេចចិត្តសម្ងំនៅក្នុងបន្ទប់ជួលមិនចេញទៅណាបែបនេះ ។
ក្រោយពីមានការប្រកែកយកត្រូវរៀងៗខ្លួនបែបនេះនគរបាលបានធ្វើការសម្របសម្រួលឲ្យភាគទាំងពីរត្រជាក់ចិត្ត និងបានប្រាប់ឲ្យពួកគេចង់លែងលះគ្នាឬបែបណាត្រូវធ្វតាមច្បាប់កុំប្រើហិង្សាហើយមានតែតុលាការទើបមានសិទ្ធិសម្រេចឲ្យលែងឬមិនលែងបាន ៕
Comments
Post a Comment