ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

លោក សុខ ឥសាន ថា៖ ទោស​ក្បត់ជាតិ​នេះ លោក កឹម សុខា មិនបាន​ព្យួរ.​ក ​ចាត់ទុកថា​សំណាង​ធំ​ហើយ កុំ​មក​ចង់​តវ៉ា​ !

មន្ត្រី​គណបក្ស​កាន់អំណាច​និយាយ​ថា រដ្ឋាភិបាល​គ្មាន​ការ​ខ្មាស​គេ​ទាល់តែ​សោះ​នូវ​ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​លោក កឹម សុខា ដែល​ជា​ជន​ក្បត់ជាតិ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន និយាយ​ថា គ្មាន​ប្រទេស​ណាមួយ​លើកលែងទោស​ឲ្យ​ជន​ក្បត់ជាតិ​ឡើយ។ ខណៈ​ថ្ងៃ​ឱសានវាទ​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក មកពី​គណបក្ស​សាធារណរដ្ឋ និង​ជា​អតីត​បេក្ខជន​ប្រធានាធិបតី​លោក ថេត គ្រូស (Ted Cruz) ដាក់​កំហិត​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដោះលែង​ប្រធាន​គណបក្សប្រឆាំង​ដ៏​ធំ​នៅ​កម្ពុជា លោក កឹម សុខា នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា នៅ​ពេល​នេះ អ្នក​នាំ​ពាក្យ​របស់​គណបក្ស​កាន់អំណាច​ចាប់ផ្ដើម​និយាយ​ឌឺដង​ទៅ​នឹង​វិធានការ​នេះ។ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក សុខ ឥសាន សរសេរ​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​តេឡេក្រាម (Telegram) នៅ​ថ្ងៃ​ទី៦ ខែ​វិច្ឆិកា ថា ទោស​ក្បត់ជាតិ​នេះ លោក កឹម សុខា មិនបាន​ព្យួរ​ក​ចាត់ទុកថា​សំណាង​ធំ​ហើយ កុំ​មក​ចង់​តវ៉ា​អី​ទៀត។ ទោះ​តុលាការ​មិនទាន់​សម្រេច​ថា លោក កឹម សុខា មានទោស​ក្បត់ជាតិ​ក្ដី ប៉ុន្តែ លោក សុខ ឥសាន និយាយ​ពេញៗ​មាត់​ថា ​លោក កឹម សុខា ជា​ជន​ក្បត់ជាតិ។ លោក​បន្ត​ថា រដ្ឋាភិបាល​គ្មាន​ការ​ខ្មាស​បន្តិច​ណា​សោះ​ចំពោះ​ចំណាត់​ការ​ផ្លូវច្បាប់​មក​លើ​ជន​ក្បត់ជាតិ។ នៅ​មួយ​រយៈ​ចុង​ក្រោយនេះ ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា ដែល​កំពុង​គ្រប់​គ្រប់​រដ្ឋាភិបាល និង​ស្ថាប័ន​សំខាន់ៗ​របស់​ជាតិ មាន​ចំណាត់​ជា​បន្តបន្ទាប់ ដើម្បី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ចុង​ក្រោយ​នេះ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះជាតិ គ្រប់​ជាន់ថ្នាក់​ឲ្យ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ​ដើម្បី​អាច​រក្សា​តំណែង​របស់​ខ្លួន។ ចំណែក​អ្នកនយោបាយ​ជើងចាស់ និង​អតីត​ឧបនាយករដ្ឋមន្ត្រី លោក លឺ ឡាយស្រេង ដែល​ធ្លាប់​ធ្វើការ​ជាមួយ​លោក ហ៊ុន សែន ជាង ​១៥​ឆ្នាំ បាន​ចោទ​សួរ​ថា តើ​គណបក្ស​ប្រជាជន​កម្ពុជា​ មាន​មនុស្ស​ចេះដឹង​ទេ បាន​ទុក​ឲ្យ​លោក ហ៊ុន សែន ធ្វើ​អ្វី​តាម​អំពើ​ចិត្ត? លោក​ព្រមាន​ថា បើ​គណបក្ស​សង្គ្រោះជាតិ​ ត្រូវ​រំលាយ គណបក្ស​ប្រជាជន​កម្ពុជា ​ត្រូវ​រលាយ​ដូចគ្នា​ដែរ ព្រោះ​លោក​សំអាង​ថា ការ​បាត់បង់​គណបក្ស​សង្គ្រោះជាតិ ធ្វើ​ឲ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក្លាយ​ជា​រដ្ឋាភិបាល​មិន​ស្របច្បាប់។ ចំណុច​មួយទៀត គឺ​រដ្ឋាភិបាល​នេះ រង​សម្ពាធ​គ្រប់​បែប​យ៉ាង​ពី​អន្តរជាតិ៖ «តា ហ៊ុន សែន គាត់​អត់​ដឹង​អី គាត់​ធ្វើ​អី គាត់​ធ្វើ​ហ្នឹង ប៉ុន្តែ​កុំ​ណា! ខ្ញុំ​គ្រាន់តែ​ណែនាំ​ថា ក្ដៅ​ណាស់​! កុំ​អោយ​សោះ! កុំ​ឲ្យ​ជ្រុល​ពេក តែ​ជ្រុល​ពេក​កែ​លែង​បាន​ហើយ។ នៅ​ក្នុង​គណបក្ស​ប្រជាជន ​អត់​មាន​មនុស្ស​ចេះដឹង​ទេ​ម៉េច​ហ្នឹង ទុក​ឲ្យ​មនុស្ស​ម្នាក់​កកូរ​អី​ស្រេច​តែ​ចិត្ត​អ៊ីចឹង»។ លោក លឺ ឡាយស្រេង យល់ថា វិបត្តិ​នយោបាយ​កាលពី​អំឡុង​ឆ្នាំ​១៩៧០ ជា​ជម្លោះ​ប្រើ​ដោយ​អាវុធ ​ប៉ុន្តែ​លោក ហ៊ុន សែន អាច​ចរចា​ដោះស្រាយ​បាន ដូច្នេះ​លោក​ថា វិបត្តិ​នយោបាយ​នៅ​ពេល​នេះ វា​គ្រាន់តែ​កើតឡើង​ដោយ​ពាក្យសម្ដី​ក៏​អាច​ចរចា​ដោះស្រាយ​បាន​ដែរ។ ប៉ុន្តែ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន ទាត់​ចោល​នូវ​គំនិត​បែបនេះ​របស់​លោក លឺ ឡាយស្រេង។ អ្នកនាំពាក្យ​គណបក្ស​កាន់អំណាច​រូប​នេះ​និយាយ​ថា៖ «ពេល​ទឹក​ដល់​ច្រមុះ​ហើយ​ទើប​អំពាវនាវ​រក​ការ​ចរចា ស្រុះស្រួល​គ្នា​រវាង​ខ្មែរ និង​ខ្មែរ។ ស្អី​ក៏​ចេះ​ម្ល៉េះ វាយ​គេ​តាម​ចិត្ត ដល់​គេ​តដៃ​ស្រាប់តែ​ចង់​ចរចា។ ក្រែង​ក្រុម​ខ្លួនឯង​ហ្នឹង​ទេ​តើស ដែល​បំផ្លាញ​វប្បធម៌​សន្ទនា​នោះ»។ ផ្ទុយ​ពី​លើកឡើង​របស់​លោក សុខ ឥសាន ដូចនេះ វប្បធម៌​សន្ទនា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ​២០១៤ ដើម្បី​បញ្ចប់​វិបត្តិ​នយោបាយ ត្រូវ​លោក ហ៊ុន សែន លុបចោល​ទៅវិញ ក្នុង​ពេលនេះ​គណបក្ស​ចាប់ផ្ដើម​មាន​ទំនាស់​នឹង​គ្នា។ លោក ហ៊ុន សែន ថាបើ​ចង់​និយាយ​គ្នា​ដែល​តែ​និយាយ​គ្នា​ពេល​ប្រជុំ​សភា​ប៉ុណ្ណោះ។ លោក កឹម សុខា ត្រូវ​រដ្ឋាភិបាល​លោក ហ៊ុន សែន ចាប់ខ្លួន​យក​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ត្រពាំងផ្លុង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ដោយ​ចោទប្រកាន់​ពី​បទ​ក្បត់ជាតិ។ ទោះ​តុលាការ​មិនទាន់​រក​ឃើញ​ថា លោក កឹម សុខា បាន​ប្រព្រឹត្ត​ដូច​ការចោទ​​ក្ដី ប៉ុន្តែ​ទាំង​លោក ហ៊ុន សែន និង​មន្ត្រី​របស់​លោក​បាន​ហៅ​លោក កឹម សុខា ពេញៗ​មាត់​ថា ជន​ក្បត់ជាតិ។ លោក សុខ ឥសាន ថា លោក កឹម សុខា បាន​ជាប់​នៅ​ក្នុង​ពន្ធនាគារ​ជា​ភ័ព្វសំណាង​ទៅវិញ​ទេ ព្រោះថា​ទោស​នេះ​កាលពី​សម័យ​មុន​ត្រូវ​បាញ់​សម្លាប់ចោល៕

Comments

Popular posts from this blog

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ