ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

Image
មន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ មានលោកស្រី មួរ សុខហួរ ជាអនុប្រធាន និងលោក យ៉ែម បុញ្ញរីទ្ធ ដែលជាមន្រ្តីរបស់គណបក្សសង្រ្គោះជាតិនោះ បានចូលរួមធ្វើបាតុកម្មនៅឯទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ជួយសង្រ្គោះប្រទេសកម្ពុជា និងទាមទារអោយដោះលែង លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ឃុំ ។ បាតុកម្មនេះ ធ្វើឡើងដោយពលរដ្ឋខ្មែរ នៅអឺរ៉ុប ជួបជុំនៅក្រុងប៉ារីស ។ ការជួបជុំគ្នានេះ ធ្វើឡើងនៅថ្ងៃទី១៩ វិច្ឆិកា ២០១៧ ម្សិលមិញនេះ ។ ក្នុងការរៀបចំធ្វើបាតុកម្មនេះ ក្រុមមន្រ្តីរបស់គណបក្សសង្រ្គោះជាតិ និងពលរដ្ឋអ្នកគាំទ្ររបស់ពួកគេបានលើកឡើងបង្ហាញពីការព្រួយបារម្ភចំពោះប្រទេស កម្ពុជា ដែលពួកគេអះអាងថា កំពុងជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ ដែលចាំបាច់ត្រូវមានការជួយអន្តរាគមន៍ពី ប្រទេសដែលជាមិត្តរបស់កម្ពុជា ។ បាតុកម្មដែលធ្វើឡើងដោយពលរដ្ឋខ្មែរនៅក្រៅប្រទេសនេះ ធ្វើឡើង ប៉ុន្មានថ្ងៃ ក្រោយការប្រកាសសាលដីការរំលាយគណបក្សសង្រ្គោះជាតិ និងបានយកអាសនៈរបស់គណបក្សសង្រ្គោះជាតិដែល មានទៅចែកអោយគណបក្សនយោបាយផ្សេងទៀតចំនួន៦ ។ នេះបើយោងតាមលិខិតរបស់ គណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបានប្រកាសកាលពីប៉ុន្មានថ្ងៃមុននេះ ។ អនុប្រធាន...

មន្រ្តីរបស់បក្សប្រឆាំងអះអាងថា សុខចិត្តទៅធ្វើស្រែក៏មិនចុះចូលបក្សកាន់អំណាច

អ្នកតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិអះអាងថា គណបក្សសង្រ្គោះជាតិនៅតែរឹងមាំដដែល បើទោះបីជានៅពេលនេះ មេបក្សកំពុងត្រូវបានឃុំខ្លួនដោយតុលាការ ក្រោមបណ្ដឹងរបស់រដ្ឋាភិបាល និងកំពុងរងព្យុះភ្លៀងពីគណបក្សកាន់អំណាចក៏ដោយចុះ ។ ចំពោះមន្រ្តីរបស់គណបក្សសង្រ្គោះជាតិវិញនោះ ក៏អះអាងថា នឹងមិនចុះចូលជាមួយនឹងគណបក្សកាន់អំណាចដែលដឹកនាំដោយគណបក្សប្រជាជនជាដាច់ខាត បើទោះបីជាគណបក្សសង្រ្គោះជាតិពិតជាអាចត្រូវបានរដ្ឋាភិបាលមួយនេះ ធ្វើការរំលាយចោលក៏ដោយចុះ ពួកគេសុខចិត្តទៅប្រកបរបរ ធ្វើស្រែ ធ្វើចំការជាកសិករវិញប្រសើរជាង ។ នេះបើយោងតាមការបញ្ជាក់ពី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អ៊ូ ចាន់រដ្ឋ នៅក្នុងបទសម្ភាសន៍ជាមួយនឹងវិទ្យុបារាំងកាលពីយប់មិញនេះ ។ លោក អ៊ូ ចាន់រដ្ឋ ថ្លែងបែបនេះ ៖ « ខ្ញុំសង្កេតឃើញថា នៅតាមមូលដ្ឋាន ទោះបីជាមានការអូសទាញប៉ុណ្ណាក៏មិនអាច ហើយជំហរនៅមូលដ្ឋានមានការរឹងមាំ ហើយខ្ញុំសង្កេតឃើញដូចគ្មានការតកស្លត់ ក្នុងការរំលាយនឹងទេ គាត់អត់មានភ័យព្រួយទេ ដោយសារគាត់បានកំណត់ក្នុងចិត្តហើយ ថា ទោះបី ជាយ៉ាងណា ក៏គាត់នៅតែមិនចូលរួមជាមួយគណបក្សកាន់អំណាច ។ ហើយបើទោះជាគណបក្សសង្រ្គោះជាតិត្រូវរលាយ គាត់សុខចិត្តទៅប្រកបអាជីវកម្មចិញ្ចឹមជីវិតផ្សេង ឬធ្វើស្រែ ធ្វើចំការ » ។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោក អ៊ូ ចាន់រដ្ឋ បានថ្លែងលើកឡើងថា គណបក្សសង្រ្គោះជាតិទោះបីជា កំពុងជួបបញ្ហាក៏ពិតមែន ប៉ុន្តែលោកជឿជាក់ថា រដ្ឋាភិបាលនឹងមិនអាចរំលាយគណបក្សនេះដូចការ ចង់បានរបស់គេឡើយ ។ មិនខុសពីលោក កឹម សុខា និងលោក សម រង្ស៊ី ប៉ុន្មាននោះទេ លោក អ៊ូ ចាន់រដ្ឋ បានថ្លែងប្រាប់ថា មូលហេតុដែលរដ្ឋាភិបាលនៃគណបក្សប្រជាជនមិនអាចរំលាយគណបក្ស សង្រ្គោះជាតិបាននោះទេ គឺដោយសារតែសម្ពាធអន្តរជាតិខ្លាំង និងទទួលបានការគាំទ្រខ្ពស់ពីមហាជន ដែលជាពលរដ្ឋខ្មែរ ជាពិសេសគឺជំហររបស់ថ្នាក់ដឹកនាំនៅរឹងមាំនៅឡើយ ។ លោកអោយដឹងបែបនេះ ៖ « ប៉ុន្តែអ្វីដែលខ្ញុំកត់សម្គាល់ ស្មារតីប្រជាធិបតេយ្យ ស្មារតីសង្រ្គោះជាតិ អត់ត្រូវបានរំលាយ ដោយសារខ្ញុំឃើញថា នេះគឺហៅថា វប្បធម៌នយោបាយ។ វប្បធម៌នយោបាយ ដែលមានកម្រិតដល់ប៉ុណ្ណេះ មានន័យថា ស្មារតីប្រជាធិបតេយ្យបានដល់កម្រិតមួយ ខ្ពស់ក្នុងស្រទាប់មហាជន ។ ដូច្នេះ ប្រជាពលរដ្ឋក្ដី ទាំងសកម្មជនក្ដី ជាពិសេសថ្នាក់ដឹកនាំមូលដ្ឋានបានយល់ច្បាស់ពីការគោរពឆន្ទៈ គោរពសិទ្ធិអ្នកបោះឆ្នោត » ។ ផ្ទុយពីលោក អ៊ូ ចាន់រដ្ឋ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈការផ្សាយបន្តផ្ទាល់ចេញពីទំព័របណ្ដាញសង្គមហ្វេសប៊ុកដោយផ្ទាល់របស់ កាលពីព្រឹកថ្ងៃទី៤ វិច្ឆិកា បានថ្លែងជាថ្មីម្ដងទៀតប្រាប់ទៅសមាជិករបស់គណបក្សប្រឆាំងថា គណបក្សសង្រ្គោះជាតិប្រាកដជាអាចនឹងត្រូវបានរំលាយនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ។ អមជាមួយនឹងការថ្លែងប្រាប់ទៅសមាជិកគណបក្សប្រឆាំងយ៉ាងដូច្នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លៀតផ្ដាំទៅសមាជិករបស់គណបក្សប្រឆាំងថា គួរណាមកចុះចូលជាមួយនឹងគណបក្សប្រជាជន ដើម្បីអាចរក្សាតំណែងអោយនៅដដែលជាធម្មតា និងដើម្បីអាចបានបន្តបម្រើប្រជាពលរដ្ឋ របស់ពួកគេជាធម្មតានៅតាមបណ្ដាតំបន់ដែលពួកគេធ្វើការ ។ លោកថ្លែងបែបនេះ ៖ « ប៉ុន្តែបងប្អូនត្រូវយល់ថា ប្រសិនបើ គណបក្សសង្រ្គោះជាតិមិនត្រូវបានរំលាយទេនោះ តើខ្ញុំមានការចាំបាច់អីដើម្បីនឹងទៅយកបងប្អូន ទៅយកមកធ្វើអ្វី? ព្រោះនេះជាកិច្ចការទាក់ទងទៅនឹងអនាគតបងប្អូនក្នុងការបម្រើប្រជាពលរដ្ឋ » ។ លោកនាយករដ្ឋមន្រ្តីក៏សង្ឃឹមទៀតថា តាមរយៈការអំពាវនាវរបស់លោកជាថ្មីម្ដងនេះ អ្នកគាំទ្រ និង សមាជិករបស់គណបក្សប្រឆាំងនឹងចុះចូលជាមួយគណបក្សប្រជាជន ដើម្បីបម្រើប្រជាពលរដ្ឋបន្ត បើពុំដូច្នោះទេ ពួកគេនឹងបាត់បង់ការងារនិងមុខតំណែងជាក់ជាមិនខានឡើយ នៅពេលនណាដែល គណបក្សសង្រ្គោះជាតិត្រូវបានគេរំលាយមែន ។ ប៉ុន្តែយ៉ាងណា លោក អ៊ូ ចាន់រដ្ឋ ចាត់ទុកថា នេះគឺគ្រាន់តែជាល្បែងនយោបាយមួយប៉ុណ្ណោះ ។ លោកហាក់ជឿជាក់យ៉ាងខ្លាំងថា ដោយសារតែជំហរដ៏រឹងមាំរបស់គណបក្សសង្រ្គោះជាតិ ជាពិសេសថ្នាក់ដឹកនាំ នោះរដ្ឋាភិបាលគណបក្សប្រជាជននឹងមិនអាចធ្វើអ្វីបានឡើយ ៕

Comments

Popular posts from this blog

សភាប្រកាសអោយតំណាងរាស្រ្តបក្សសង្រ្គោះជាតិប្រគល់សម្ភារៈវិញឱ្យបានត្រឹមថ្ងៃទី២៤

ពលរដ្ឋខ្មែរនៅអឺរ៉ុបបាតុកម្មប្រឆាំងនឹងការរំលាយគណបក្សសង្រ្គោះជាតិ

ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​ភ្ញាក់ផ្អើល​ពេល​ឃើញ​បង្គា​ចាក់​ចាហ៊ួយ​ដាក់​លក់​នៅ​ផ្សារ​លើ